ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះសម្ភារៈនៅក្នុងបន្ទប់ឡៅតឿផ្ទះលាងរថយន្តនិងម៉ូតូ«ល្អពិត»ផ្ទះលេខ១១ ផ្លូវលេខ១៩ ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ ល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០។
ម្ចាស់ផ្ទះរងគ្រោះខាងលើឈ្មោះលី មួយលាង ភេទស្រី អាយុ៤២ឆ្នាំ មុខរបរលាងរថយន្តនិងម៉ូតូ«ល្អពិត» ហើយការឆាបឆេះបង្កឡើងដោយសារការឆ្លងចរន្តអគ្គិសនី។នៅក្នុងពេលមានហេតុការណ៍បែបនេះកើតឡើងក្រុមសន្តិសុខយាមបុរីពិភពថ្មីបានសហការណ៍ជាមួយប្រជាពលរដ្ឋយកបំពង់ពន្លត់អគ្គិភ័យទៅបាញ់ពន្លត់អស់ចំនួន៩បំពង់ ទើបរលត់ទៅវិញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុខណៈដែលម្ចាស់ផ្ទះជាប់រវល់ធ្វើការនៅខាងក្រៅស្រាប់តែមានផ្សែងហុយយ៉ាងខ្លាំងចេញពីក្នុងផ្ទះខាងលើ ហើយម្ចាស់ផ្ទះក៏បានឃើញភ្លាមៗដែរ ។គាត់បានស្រែកឆោឡោឲ្យអ្នកជិតខាងជួយបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ភ្លាមៗនោះអ្នកជិតខណៈនោះកម្លាំងសន្តិសុខយាមបុរី សហការណ៍ជាមួយប្រជាពលរដ្ឋក៏បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យទៅជួយបាញ់ពន្លត់អស់ចំនួន៩បំពង់ ទើបភ្លើងរលត់ទៅវិញទាំងស្រុង។
ប្រភពដដែលបានបន្តទៀតថា ចំណែកកម្លាំងនគរបាលប៉ុស្តិ៍រួមនិងកម្លាំងអាជ្ញាធរសង្កាត់ចោមចៅទី១ក៏បានចេញអន្តរាគមន៍ភ្លាមៗដែរហើយពេលទៅដល់បន្ទាប់ពីបានឃើញភ្លើងរលត់ទៅវិញហើយ ទើបមិនបានហៅរថយន្តពន្លត់អគ្គិភ័យទៅជួយនោះឡើយ៕