នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម កែវ នាឫទ្ធិ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំប្រជុំពិភាក្សា និងពិគ្រោះយោបល់សម្រាប់ការសិក្សាវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គមដំបូង របស់អនុគម្រោងប្រព័ន្ធធារាសាស្រ្តព្រែកពោធិ៍ នៃគម្រោងកែលម្អវិស័យធារាសាស្រ្តកសិកម្ម ដោយមានការអញ្ជើញចូលរួមពី លោកប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ តំណាងក្រុមការងារគម្រោង អាជ្ញាធរស្រុក ឃុំ ព្រមទាំង តំណាងអង្គការសមាគមន៍ និងមន្ត្រីពាក់ព័ន្ធ ជាច្រើនរូបផងដែរ ។ 


កិច្ចប្រជុំនេះ មានគោលបំណងដើម្បី ៖ ជូនដំណឹងដល់ភាគីពាក់ព័ន្ធ ឲ្យបានជ្រាបអំពីសកម្មភាពគម្រោង។ ស្វែងរកផលប៉ះពាល់ជាវិជ្ជមាន និងអវិជ្ជមានបន្ថែម ដែលអាចកើតមានឡើង ដោយសារសកម្មភាពគម្រោង។ ប្រមូលទិន្នន័យមតិយោបល់ សំណូមពរ ក៏ដូចជាអនុសាសន៍ល្អៗទៅលើទិដ្ឋភាពផ្សេងៗនិងបញ្ហាមួយចំនួនដែលទាក់ទិនជាមួយនឹងគម្រោង និងដើម្បី ជាគ្រឹះសម្រាប់រៀបចំផែនការបញ្ជៀប បន្ធូរបន្ថយ និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន ក្នុងដំណាក់កាលសាងសង់ និងអនុវត្តគម្រោង។


គូសបញ្ជាក់ថា នៅក្នុងបទបង្ហាញ ឲ្យដឹងថា កសិកម្ម មាន ២២ភាគរយ នៃផលិតផលក្នុងស្រុក សរុបរបស់ប្រទេសកម្ពុជា និងមានប្រជាកសិករប្រមាណ ៣លាននាក់ ក្នុងវិស័យកសិកម្ម ហើយពាក់កណ្តាល នៃផលិតផលសរុបក្នុងស្រុក ផែ្នកកសិកម្មនៅកម្ពុជា គឺ «ស្រូវ»។ ដោយមើលឃើញពីសក្តានុពល នៃវិស័យកសិកម្ម ក្រសួងធនធានទឹក និងឧតុនិយម បានសម្រេចសិក្សាលើអនុគម្រោងប្រព័ន្ធធារាសាស្រ្តព្រែកពោធិ៍ នៃគម្រោងកែលម្អវិស័យធារាសាស្រ្តកសិកម្ម ដែលនឹងជួយបង្កើនផលិតភាពកសិកម្ម និងសេដ្ឋកិច្ចជនបទ តាមរយៈ ការបង្កើនប្រសិទ្ធភាពប្រព័ន្ធធារាសាស្ត្រ និងការធ្វើឲ្យប្រសើរឡើង នូវការគ្រប់គ្រងធនធានទឹកនៅកម្ពុជា។ ក្រសួងធនធានទឹក និងឧតុនិយម ជាម្ចាស់គម្រោងអនុគម្រោងប្រព័ន្ធធារាសាស្រ្ត ព្រែកពោធិ៍ នៃគម្រោងកែលម្អវិស័យធារាសាស្រ្តកសិកម្ម ដែលជាកម្ចីហិរញ្ញប្បទាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងទុនវិនិយោគ ២៥,៦លានដុលា្លរ មានស្រុកចំនួនពីរដែលទទួលផលប្រយោជន៍ គឺ៖ ស្រុកស្រីសន្ធរ មាន ៦ឃុំ ស្មើនឹង ២១ភូមិ និងស្រុកខ្សាច់កណ្តាល មាន ២ឃុំ ស្មើនឹង ៥ភូមិ ។ ក្នុងបទបង្ហាញខាងលើ ក៏បានបញ្ជាក់សម្អិត ផងដែរ ទៅលើសក្ដានុពលក្នុងតំបន់អនុវត្តគម្រោង ដែលជាអាទិ ផ្នែកប្រព័ន្ធធារាសាស្រ្តព្រែកពោធិ៍ មានប្រឡាយមេប្រវែង ២១,៧៩៦គ.ម ដែលក្នុងនោះប្រឡាយបេតុង មានប្រវែង ១៨,៦១២គ.ម ប្រឡាយលើកដី មានប្រវែង ៣,១៨៤គ.ម ផ្នែកខាងដើម ២គ.ម ត្រូវសាងសង់ជាប្រឡាយបិទជិត និងមានសាងសង់លូដោះទឹក នៅអមសងខាងប្រឡាយមេ សម្រាប់ប្រមូលទឹកកខ្វក់ ពីការប្រើប្រាស់ របស់ប្រជាពលរដ្ឋ នៅអមសងខាងប្រឡាយ និងផ្នែកបន្ទាប់ត្រូវសាងសង់ជាប្រឡាយបើក មានប្រវែង ១៩,៧៩៦គ.ម និងអាចស្រោចស្រពលើផ្ទៃដីរដូវវស្សា ប្រមាណ៨.០០០ហិចតា និងរដូវប្រាំង ប្រមាណ ៨.០០០ហិចតា៕