ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បានដួលប្រកាច់រហូតដល់ស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើលកាលពី១២និង២០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២០។នៅក្នុងបន្ទប់ទឹកក្នុងរោងចក្រ«ឈឹកយីង»ក្នុងភូមិពងទឹកឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្ត កណ្តាល ។ក្រោយពេលនគរបាលបច្ចេកទេសនិងវិទ្យាសាស្រ្តធ្វើកោសល្យវិច័យបានបញ្ជាក់ថាបុរសនេះស្លាប់ដោយជម្ងឺគាំងបេះដូងនិងបាននាំយកសពទៅតម្កល់ទុកនៅវត្តទឹកថ្លា រាជធានីភ្នំពេញ។


បុរសរងគ្រោះខាងលើឈ្មោះ HE XIANQING ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិចិនដីគោក មុខរបរបុគ្គលិករោងចក្រឈឹកយីង ផ្នែកជាងភ្លើងមានប្រពន្ធឈ្មោះ សាយ ស៊ីវអេង ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរមុខរបរចុងភៅរោងចក្រ នៅភូមិសាមគ្គី៣ សង្កាត់ត្រពាំងក្រសាំងខណ្ឌពោធិ៍សែនជយ័ រាជធានីភ្នំពេញ។


តាមការបំភ្លឺពីស្រ្តីជាប្រពន្ធបានឲ្យដឹងថា នៅមុនពេលកើតហេតុគាត់និងប្ដីបានដេកជាមួយគ្នានៅក្នុងបន្ទប់ហើយគាត់ក៏បានដេកលក់ដោយមិនដឹងខ្លួន លុះដល់វេលាម៉ោងកើតហេតុខាងលើ ស្រាប់តែឮស្នូរក្ដុងក្ដាំងខ្លាំងៗ ហើយគាត់ ក៏ភ្ញាក់ពីដំណេក។ពេលនោះបានបាត់មិនឃើញប្ដីឡើយ គាត់ក៏បានចេញរកមើលនៅក្នុងបន្ទប់១ទៀតនៅជាប់គ្នានោះ ក៏ស្រាប់តែឃើញប្ដីដួលនៅក្នុងបន្ទប់ទឹក នឹងប្រកាច់ហូរឈាមតាមច្រមុះ។បន្ទាប់ពីបានឃើញបែបនេះគាត់ក៏រត់ទៅហៅបុរសជាសន្តិសុខម្នាក់ឈ្មោះ សួស វែង ភេទប្រុសអាយុ៦៤ឆ្នាំឲ្យមកជួយមើល ហើយក៏បានជួយធ្វើចលនាបេះដូងជាការជួយសង្រ្គោះបឋម និងបានហៅរថយន្តពេទ្យដើម្បើនាំទៅសង្គ្រោះ ប៉ុន្តែប្ដីមិនបានធូរស្រាលឡើយ ព្រមទាំងដកចង្ការ មាន់ប្រហែល៣០នាទីក្រោយមកក៏លែងកម្រើកតែម្ដង។ក្រោយមករថយន្តពេទ្យមន្ទីរសំរាកព្យាបាលចុង ឆុង បានទៅដល់ហើយលោកគ្រូពេទ្យបានពិនិត្យមើល រួចហើយបានប្រាប់ខ្លួនថាប្ដីគាត់បានស្លាប់បាត់ទៅហើយ៕