ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌដង្កោបានធ្វើការចាប់ខ្លួនមុខសញ្ញាជនសង្ស័យចោរកម្មចំនួន៥នាក់ខណៈដែលជនទាំងនេះជិះម៉ូតូសំណ្ដោងរ៉ឺម៉ក១គ្រឿងនិងម៉ូតូកង់បីចំនួន០១គ្រឿង ចេញធ្វើសកម្មភាពគាស់ឃ្លាំងលួចទ្រព្យសម្បត្តិកាលពីវេលាម៉ោង០១និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ត្រង់ចំណុចឃ្លាំងគ្មាន លេខ ផ្លូវ២១៧ ស្ថិនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនសង្ស័យចំនួន០៥នាក់នោះរួមមាន ១-ឈ្មោះ តុង ឡៃ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ២-ឈ្មោះ ព្រុំ វណ្ណរិទ្ធ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។៣-ឈ្មោះ បូ ភារ៉ា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិឬស្សី សង្កាត់ស្ទឹង មាន ជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។៤-ឈ្មោះ មាស ស្នា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់ នៅផ្ទះជួល ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។៥-ឈ្មោះ ផាន់ សុផា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ។
ចំណែកវត្ថុតាងដែលត្រូវចាប់យករួមមាន ដាវកែច្នៃចំនួន០២ដើម (ប្រវែង៥០សង់ទីម៉ែត្រចំនួន០១ដើម, ប្រវែង៦០សង់ទីម៉ែត្រ ចំនួន០១ ដើម), សោរចិញ្ចៀនចំនួន០៣ (លេខ២៧ចំនួន០១, លេខ២៤ចំនួន០១, លេខ១៩ចំនួន០១), រណាអារដែកចំនួន០១, ដង្កាប់ដងប្រហមចំនួន០១, ឧបករណ៍កាត់ខ្សែរភ្លើងដងប្រហមចំនួន០១, ទួណឺវីសដងជ័រពណ៌លឿងលាយខ្មៅចំនួន០១, កន្ត្រៃដងជ័រពណ៌បៃតងចំនួន០១, ម៉ូតូសណ្តោងរ៉ឺម៉កពណ៌ខ្មៅគ្មានផ្លាកលេខ មានលេខតួ និងលេខម៉ាស៊ីន05040008 មាន សណ្តោងរ៉ឺម៉កចំនួន០១គ្រឿង,ម៉ូតូម៉ាកហុងដាសេ១០០កូរ៉េពណ៌ក្រហម គ្មានស្លាកលេខមានលេខតួ និងលេខម៉ាស៊ីន 096732 សណ្តោងរ៉ឺម៉ក(ម៉ូតូកង់បី) ចំនួន០១គ្រឿង,ដែករនាំងបង្អួច០១ផ្ទាំង និងដែកចំរឹងបង្អួចបាក់ជាកំណាត់ៗមួយចំនួន ។
នគរបាលបានឲ្យដឹងថា កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង០១និង៣០នាទីរំលងអធ្រាត្រ ជនសង្ស័យទាំង០៥នាក់បានជិះម៉ូតូសណ្តោងរ៉ឺម៉ក ចំនួន០១គ្រឿង និងម៉ូតូកង់បីចំនួន០១គ្រឿងទៅធ្វើសកម្មភាពគាស់ទំលុះទំលាយឃ្លាំងខាងលើដែលម្ចាស់គេបិទទ្វារចាក់សោរទុកចោល ពុំមនុស្សនៅដេកយាមទេ។ ពេលនោះជនសង្ស័យបានលោតផ្លោះរបងចូលទៅក្នុងបរិវេណឃ្លាំង រួចប្រើសោរចិញ្ចៀនគាស់បំបែកមេសោរចាក់ទ្វារឃ្លាំងចូលលួចយក ទ្រព្យ សម្បត្តិ នៅខាងក្នុងតែគាប់ជួនពេលនោះកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ និងនគរបាលខណ្ឌដង្កោដែលកំពុងជិះម៉ូតូល្បាតតាមផ្លូវ២១៧ មើលឃើញក៏បានធ្វើការឡោមព័ទ្ធឃាត់ខ្លួនបានទាំង០៥នាក់រួមជាមួយវត្ថុតាងនាំទៅសាកសួរនិងចាត់ការតាមច្បាប់៕