ខេត្តប៉ៃលិន ៖ ភ្លៀងធ្លាក់ខ្លាំងរាល់ថ្ងៃ បណ្តាលឱ្យក្លាយទៅជាជំនន់ទឹកភ្លៀងលិចផ្ទះសម្បែងប្រជាពលរដ្ឋ និងសើមឆ្លងដល់ចរន្ធអគ្គិសនីក្នុងផ្ទះ លុះស្ត្រីជាម្ចាស់មិនចាប់អារម្មណ៍ក៍ដើរទៅក្បែរចរន្ធអគ្គិសនី បណ្តាលឱ្យឆក់ដួលរងរបួសធ្ងន់ ត្រូវបានក្រុមការងារយុវជន ស.ស.យ.ក ដឹកតាមរថយន្តយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ។

ហេតុការណ៍ខ្សែភ្លើងឆក់ស្ត្រីម្នាក់នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅភូមិអូរដូនតាក្រោម ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ប្រភពព័ត៍មានបានឱ្យដឹងថា ៖ ស្ត្រីរងគ្រោះ មាន ឈ្មោះ ង៉ែត ភី អាយុ៥១ឆ្នាំ មានទីលំក្នុងភូមិខាងលើ ។ប្រភពបន្តថា មុនពេលកើតហេតុ គេឃើញមេឃកំពុងបង្អុរភ្លៀងយ៉ាងខ្លាំង ហើយទឹកក៍ជន់ឡើងដល់ផ្ទះរបស់គាត់ លុះម្ចាស់មិនបានចាប់អារម្មណ៍ ក៍ដើរទៅក្បែរចរន្ធភ្លើង បណ្តាលឱ្យឆក់ដួលរបួសតែម្តង ។



ក្រោយពេលកើតហេតុ ឯកឧត្តម ហុក សុផល អភិបាលរងខេត្ត និងជាអនុប្រធាន ស.ស.យ.ក ខេត្តប៉ៃលិន ព្រមទាំងក្រុមការងារ បានជួយដឹកស្ត្រីដែលបានរងគ្រោះដោយសារខ្សែភ្លើងឆក់ ទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីជួយសង្គ្រោះអាយុជីវិតឱ្យទាន់ពេលវេលា ។ ប្រភពបញ្ជាក់ថា រហូតមកដល់ពេលនេះស្ត្រីខាងលើមានការធូរស្បើយឡើងវិញបន្តិចហើយ ដោយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ៕