ខេត្តពោធិ៍សាត់ ៖ (ព័ត៌មានបឋម) យោងតាមសេចក្តីរាយការណ៍របស់អាជ្ញាធរស្រុកវាលវែង នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០នេះ គ្រោះធម្មជាតិបានវាយប្រហារនៅតំបន់មួយចំនួននៃស្រុកវាលវែង បណ្ដាលឲ្យរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់លំនៅឋាន ទ្រព្យសម្បត្តិ សម្ភារនិងសម្បត្តិសាធារណៈផងដែរ ។
សេចក្តីរាយការណ៍ខាងលើបន្តថា ជាក់ស្ដែងនៅយប់ម្សិលមិញថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ផ្ទះតៀម១ខ្នងត្រូវបានទឹកហូរកួចបណ្ដាលឲ្យខូចខាតអស់ទាំងស្រុង រួមទាំងទ្រព្យសម្បត្តិ និងសម្ភារ ប៉ុន្តែពុំបង្កការរងគ្រោះដល់មនុស្សទេ។ ម្ចាស់ផ្ទះឈ្មោះ វ៉ា ចន ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ និងប្រពន្ធឈ្មោះ សួន សារឿន អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ ។របាយការណ៍ដដែលបន្តទៀតថា នៅឯភូមិក្រពើពីរក្រោម ឃុំក្រពើពីរ ផ្ទះ២ខ្នងទៀតបានរងការខូចខាត រួមទាំងសម្ភារដូចជា ម៉ូតូចំនួន៤គ្រឿង និងគោយន្ដកន្រ្តៃ១គ្រឿងថែមទៀត ។ ស្ថិតនៅភូមិសំឡាញ ឃុំក្រពើពីរ ផ្ទះចំនួន៣ខ្នងរួមទាំងសម្ភារបានរងការខូចខាត ។ នៅចំណុចក្រសាំងព្នៅ ស្ថិតនៅភូមិសំឡាញ ឃុំក្រពើពីរដដែល ផ្ទះចំនួន២ខ្នងទៀត រួមទាំងសម្ភារដូចជាសត្វពាហនៈ(គោ)២ក្បាល ជ្រូកចំនួន២ក្បាល ម៉ូតូចំនួន១គ្រឿងផងដែរ បានត្រូវទឹកហូរកួច ហើយដាច់ផ្លូវ ហូរច្រោះស្ពាន។ល។ ប៉ុន្តែពុំបង្កឲ្យមានមនុស្សរងគ្រោះនោះទេ ។
ដោយឡែក ពេលនេះសម្ពាធផ្ទៃមេឃនៅតែបន្តធ្លាក់ភ្លៀងពីតិចទៅច្រើននៅឡើយ ហើយទឹកកំពុងជន់លិចនៅតំបន់មួយចំនួន ដូចជា នៅស្រុកភ្នំក្រវាញ ក្រុងពោធិ៍សាត់ និងស្រុកកណ្ដៀងផងដែរ ៕