ភ្នំពេញ៖ រថយន្តចំនួន៣គ្រឿងបានបើកបុកបន្តកន្ទុយគ្នាបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ខណៈកំពុងបើកបរធ្វើដំណើរក្នុងទិសដៅស្របទិសគ្នា កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ នៅតាមបណ្តោយមហាវិថី ឈ្នះ ឈ្នះ ស្ថិតនៅក្នុងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តដែលបើកបុកបន្តកន្ទុយគ្នានោះរួមមានទី១,ម៉ាកFord Ranger ពណ៍ត្រេអុីពាក់ស្លាកលេខខេមរភូមិន្ទ 2-6384 ទី២,ម៉ាកឡិចស៊ីស RX-330 ពណ៍ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2BG-3223 និងទី៣,រថយន្តកុងតឺន័រពណ៍ខៀវពាក់ស្លាកលេខ ព្រះសីហនុ 3A-1431 ។





ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុរថយន្តទាំង៣គ្រឿងបើកបរក្នុងទិសដៅស្របគ្នាពីជើងទៅត្បូង ដោយរថយន្តFordពណ៍ត្រេអុីបើកបរខាមុខ ចំណែករថយន្តឡិចសុីRX-330 បើកបរបន្ទាប់ និងរថយន្តកុងតឺន័របើកក្រោយគេ។លុះពេលទៅដល់ត្រង់ចំណុចកើតហេតុដោយសារស្ថានភាពផ្លូវមានការកកស្ទះចរាចរណ៍ ទើប រថយន្តFordដែលបើកខាងមុខគេ បន្ថយល្បឿនចំណែករថយន្តម៉ាកឡិចស៊ីស RX330 បានបន្ថយល្បឿនឈប់ដូចគ្នាដែរក៏ត្រូវរថយន្តសណ្តោងទូកុងតឺន័រជ្រុលទៅពីក្រោយរុញផ្ទប់រងការខូចខាតទាំង៣គ្រឿងតែម្តង។ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងធ្វើការវាស់វែងយករថយន្តទាំង៣ដាក់អែបនិងភាគីទាំងអស់ធ្វើការដោះស្រាយគ្នា៕