( ត្បូងឃ្មុំ ):
ឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឲ្យមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ បន្តគាំទ្រជំរុញប្រជាកសិករលើការងារដាំដុះ ការងារផលិតកម្ម និងបសុព្យាបាល ការងារព្រៃឈើ ការងារជលផល ការងារសហគមន៍ និងការចិញ្ចឹមសត្វ ដើម្បីសម្រួលជីវភាព ពលរដ្ឋនាសម័យកូវីដ-១៩ នេះសំដៅតម្រង់ទិសជំរុញការអនុវត្ត ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងជម្រាបពីអត្ថប្រយោជន៍ពីការប្រើប្រាស់ផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍វិស័យកសិកម្ម របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
ឯកឧត្តមជំរុញបែបនេះ កាលពីថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២០ ក្នុងឳកាសឯកឧត្តម និងឯកឧត្តម ណី លន់ រដ្ឋលេខាធិការ ឯកឧត្តម គង់ វ៉ាញ អគ្គធិការនៃអគ្គធិការដ្ឋាន លោក ទី ចាន់ណា ប្រធាននាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចុះសំណេះសំណាលលើការងារដឹកនាំគ្រប់គ្រង មន្ត្រីរាជការមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ។
ដែលនេះ គឺជាការបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំក្រសួង ក្នុងការពង្រឹងការងារដឹកនាំគ្រប់គ្រង សំដៅ ជំរុញការអភិវឌ្ឍន៏វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យកាន់តែប្រសើរឡើង ដើម្បីរួមចំណែករក្សាកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាបង្កើនប្រាក់ចំណូលរបស់គ្រួសារប្រជាកសិករ ស្របតាមយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងប្រែក្លាយកម្ពុជា អោយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ៕