( ត្បូងឃ្មុំ ): លោកជំទាវ នី ច័ន្ទធីតា អភិបាលរងខេត្តត្បូងឃ្មុំ ជំរុញអោយអ្នកពាក់ព័ន្ធទាំងអស់ រួមសហការគ្នារៀបចំគម្លាតអនាម័យក្នុង និងក្រៅមណ្ឌលប្រឡង ឲ្យបានរួចរាល់ សម្រាប់ការប្រឡងសញ្ញាបត្រថ្នាក់ទី ៩ និងទី ១២ នាសម័យកូវីដ -១៩ នេះ ។



លោកជំទាវជំរុញបែបនេះ នៅក្នុងសាលប្រជុំ ខ សាលាខេត្តត្បូងឃ្មុំ ក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះវិស័យអប់រំត្រីមាសទី ៤ កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២០ ។



លោកជំទាបបន្តថា កិច្ចប្រជុំនេះមានសារៈសំខាន់ណាស់ ដែលត្រូវតែអនុវត្ត ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការភាពជាដៃគូ និងហិរញ្ញប្បទាន រួមទាំងការកាត់តម្រឹម នូវសកម្មភាព និងការគ្រោងថវិកា ដើម្បីអោយសម្រេចបាននូវគោលនយោបាយអប់រំរបស់ក្រសួងអប់រំ យុវជន និងកីឡា និងរួមចំណែកក្នុងការអនុវត្តគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ។



ពាក់ព័ន្ធនឹងវិស័យអប់រំក្នុងគ្រានៃជំងឺកូវីដ១៩នេះ លោកជំទាវបានជំរុញឲ្យមន្ទីរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន អង្គការដៃគូទាំងអស់ រួមគ្នាធ្វើយ៉ាងណាឲ្យកិច្ចដំណើរការចូលរៀនឡើងវិញរបស់គ្រឹះស្ថានសិក្សាលើកទី ២ ប្រព្រឹត្តិទៅបានដោយរលូន និងមានសុវត្ថិភាពខ្ពស់ ដោយរៀបចំឲ្យបានត្រឹមត្រូវនូវការរក្សាគំលាតសិស្សទាំងក្នុង និងក្រៅសាលា ពាក់ម៉ាស់ការពារ បន្ទប់ស្អាត មានសាប៊ូលាងដៃ បរិស្ថានស្អាត ជាពិសេសត្រូវរៀបចំអោយបានរួចរាល់នូវអនាម័យ ក្នុងនិងក្រៅមណ្ឌលប្រលង សម្រាប់ការប្រឡងសញ្ញាបត្របឋមភូមិ ថ្នាក់ទី ៩ និងទុតិយភូមិបាក់ឌុបថ្នាក់ទី ១២ របស់សិស្សានុសិស្ស ដែលនឹងប្រព្រឹត្តិទៅនាខែធ្នូខាងមុខនេះ ៕ 




សុខ ផន TV5