ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ គេសង្កេតឃើញកសិករម្នាក់រស់នៅ ក្នុងក្រុងប៉ៃលិន ប្រកបរបរដាំបន្លែល្ពៅចំនួន១៥ហិកតា នៅលើដីចម្ការរបស់ខ្លួន ស្ថិតនៅក្នុងភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយប្រមូលផលបានក្នុង១ហិកតា ចំនួន២៥តោន ខណ:តម្លៃទីផ្សារ ហាក់ដូចជាមានការធ្លាក់ចុះជាងឆ្នាំមុន ជាហេតុធ្វើឱ្យពួកគាត់មានការព្រួយបារម្ភពីជីវភាពយ៉ាងខ្លាំង ។
ប្រភពព័ត៌មានពីបុរសម្នាក់ ឈ្មោះ ហែម ហឿន ភេទប្រុស អាយុ៦១ឆ្នាំ រស់នៅភូមិខាងលើ ជាមេការនៅក្នុងចម្ការខាងលើ បានរៀបរាប់ឱ្យដឹងថា ៖ ម្ចាស់ចម្ការរបស់ខ្លួន បានដាំបន្លែល្ពៅចំនួន១៥ហិកតា ហើយល្ពៅចាប់ផ្តើមទុំ ក៏បានជួលកម្មករឱ្យប្រមូលផល បេះលក់ឱ្យឈ្មួញក្នុងតម្លៃទាបជាងឆ្នាំមុន ដោយល្ពៅលេខ១ (ទម្ងន់ចាប់៥-១២គីឡូក្រាម) ឈ្មួញទិញ១គីឡូក្រាមត្រឹមតែ៧០០រៀល ។ រីឯល្ពៅលេខ២ ដែលមានទម្ងន់ ចាប់ពី៤គីឡូក្រាមចុះក្រោម ឈ្មួញទិញត្រឹមតែ១គីឡូក្រាម៣៥០រៀលប៉ុណ្ណោះ ដែលខុសពីឆ្នាំមុន ល្ពៅ លេខ១ ឈ្មួញទិញ១គីឡូក្រាមក្នុងតម្លៃ២០០០ទៅ២៥០០រៀលឯណោះ ។ គាត់បន្តទៀតថា ដំណាំល្ពៅ ក្នុងចម្ការខាងលើ បេះបានចំនួន៥ទៅ៦សារមកហើយ តែការប្រមូលផលនៅពេលនេះ ដោយសារតែភ្លៀងខ្លាំងពេក នាំឱ្យមានការលំបាកដឹកចេញពីក្នុងចម្ការ ។ គាត់បន្ថែមទៀតថា ការដាំល្ពៅនេះ មិនមានការលំបាកប៉ុន្មាននោះទេ ដោយគ្រាន់តែប្រើជី និងបាញ់ថ្នាំកំចាត់សត្វល្អិត ហើយជួលកម្មករបេះក្នុង១តោនអស់៥ម៉ឺនរៀល ចំណែកការលីសែងដាក់រថយន្ត គឺឈ្មួញជាអ្នកចេញថ្លៃឈ្នួលវិញ ។
ចំណែកឈ្មួញម្នាក់ ឈ្មោះ ម៉ាន លីន ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅក្នុងក្រុងប៉ៃលិន បានរៀបរាប់ឱ្យដឹងថា រហូតមកដល់ពេលនេះ តម្លៃទីផ្សារដំណាំបន្លែល្ពៅ មានការធ្លាក់ចុះជាងឆ្នាំមុនខ្លាំ ង ដោយគាត់ទិញពីម្ចាស់ចម្ការ ដឹកតាមរថយន្តយកទៅលក់បន្តនៅប្រទេសវៀតណាម រីឯខាងប្រ ទេសថៃ អត់ទទួលទិញបន្លែផ្លែល្ពៅទាំងនេះទេ ។ ប្រភពបន្តទៀតថា ទោះបីជាយ៉ាងណា ក៏ខាងគាត់នៅតែដើរទិញបន្លែនេះ ដឹកយកទៅលក់បន្តទៀត គឺឱ្យតែមាន នឹងទិញយកទាំងអស់តែម្តង ដោយគិតតាមតម្លៃទីផ្សារ និងប្រភេទល្ពៅល្អ ឬមិនសូវល្អប៉ុណ្ណោះ ៕