ខេត្តប៉ៃលិន ៖ រហូតមកដល់ពេលនេះ ដល់ខែ ដែលត្រូវបង់ប្រាក់ទាំងដើមនិងការជូនដល់ខាងមីក្រូហិរញ្ញវត្ថុ ដែលខ្លួនខ្ចីកាលពីដើមឆ្នាំកន្លងទៅ ទើបប្តីប្រពន្ធ១គ្រួសារ បាននាំគ្នាខំប្រឹងប្រែង ដកមើមដំឡូងមី នៅក្នុងចម្ការរបស់ខ្លួន យ៉ាងមមាញឹក ពេលឃើញផ្ទៃមេឃឈប់បង្អុរភ្លៀង ហើយដីក្នុងចម្ការ ក៏ស្រស់ល្អ បើទោះបីជាមិនទាន់គ្រប់អាយុ ត្រូវប្រមូលផលក៏ដោយ ព្រោះពួកគេជំពាក់បំណុលខាងមីក្រូហិរញ្ញវត្ថុ ដល់ពេលត្រូវតែសង ដោយខានមិនបានឡើយ លុះខ្លាចក្រែងគេរឹបអូសយកដី និងផ្ទះ ក៏បង្ខំចិត្តប្រមូលផលលក់ឱ្យឈ្មួញតែម្តង ចំពេលដែលមើមដំឡូងមី ហក់ឡើងថ្លៃខ្ពស់ជាងមុនបន្តិច ។
ហេតុការណ៍បុរសស្រ្តី ប្តីប្រពន្ធ បង្ខំចិត្តដកមើមដំឡូងមីទាំងមិនទាន់គ្រប់អាយុលក់នេះ បានធ្វើឡើងកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅចំណុចចំការ ក្នុងភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
បើតាមការរៀបរាប់របស់បុរសម្នាក់ ឈ្មោះ ម៉ៅ ជា អាយុ៣៣ឆ្នាំ ប្រពន្ធ ឈ្មោះ យ៉ង់ សុផល អាយុ៣១ឆ្នាំ រស់នៅភូមិសំបូរ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានរៀបរាប់ឱ្យដឹងថា ៖ គាត់មានដីស្រែចំនួន៣.៥ហិកតា ដោយព្រោះស្រូវប្រាំងរយ:ពេល៣ខែ ក៏ប្រមូលផលលក់បានចំនួន៨តោន ខណ:ភ្លៀងធ្លាក់ខ្លាំងពេក បណ្តាលឱ្យស្កកអស់មួយចំនួនមិនទទួលបានផលពេញដូច ឆ្នាំមុននោះទេ ។
ប្រភពបន្តទៀតថា ពួកគាត់ក៏បានជួលដីគេ១កន្លែង ស្ថិតនៅក្នុងភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដោយដាំពោតខ្លះ និងដាំដំឡូងមីខ្លះ ហើយរហូតមកដល់ពេលនេះ ទើប តែបានរយ:ពេល៦ខែប៉ុណ្ណោះ ពោលគឺមិនទាន់គ្រប់ខែនោះទេ ដោយសារតែជំពាក់បំណុលគេចូលទារព្រឹកល្ងាចៗ ក៏សម្រេចចិត្តប្រមូលផលបណ្តើរៗ ដើម្បីបានប្រាក់យកទៅសងជំពាក់មីក្រូហិរញ្ញវត្ថុចំនួនជាង២០០០ដុល្លារ ប៉ុន្តែមើលទៅផលដំឡូងមីនេះ មិនអាចសងជំពាក់គេគ្រប់នោះទេ គឺអាចនឹងសងបណ្តោះៗ សល់ប៉ុណ្ណោះ នឹងសន្យាសងគេនៅពេលក្រោយៗទៀត ។
ពួកគាត់បានបញ្ជាក់ថា ដំឡូងមីឆ្នាំ២០២០នេះ មិនសូវទទួលបានផលច្រើនដូចឆ្នាំមុនទេ ដោយសារតែភ្លៀងធ្លាក់ខ្លាំងពេក បណ្តាលឱ្យស្អុយរលួយអស់មួយចំនួន រីឯផលដំណាំពោតក្រហម ក៏មានការខូចអស់ច្រើនដែរ ជាហេតុធ្វើឱ្យពួកគាត់ មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះជីវភាពប្រចាំថ្ងៃ ។ ទោះបីជាយ៉ាងណា រហូតមកដល់ពេលនេះ តម្លៃទីផ្សារមើមដំឡូងមី ហក់ឡើងខ្ពស់ជាងមុនបន្តិច ដោយឈ្មួញទិញ១គីឡូក្រាមតម្លៃ២.៣០បាត (ប្រាក់ថៃ) ខ្ពស់ជាងពេលមុនៗបន្តិច ធ្វើឱ្យពួកគាត់មានកម្លាំងចិត្តក្នុងការ ប្រមូលផលលក់ឱ្យឈ្មួញ ។
នៅឆ្នាំក្រោយ ដីដែលដាំដំឡូងមីកំពុងប្រមូលផលនេះ គឺពួកគាត់នឹងដាំពោតក្រហមវិញម្តង រីឯដីដែលដាំពោតក្រហម នឹងប្តូរទៅដាំដំឡូងមី ដើម្បីផ្លាស់ប្តូរការដាំដំណាំ កុំឱ្យមានការខូចដី ជាហេតុមិនសូវទទួលបានផលច្រើន ។ តែក៏សម្រេចទៅលើអាកាសធាតុផងដែរ បើសិនជារាំងខ្លាំងពេក ឬភ្លៀងច្រើនពេកក៏មិនអាចឱ្យដំណាំពោត និងដំឡូងមីទទួលបានផលច្រើននោះដែរ ៕
ដោយ ៖ នីយ៉ា