ខេត្តប៉ៃលិន ៖ កុងសែប្រកបរបររកស៊ីលក់ដូរត្បូងនៅក្បែរជើងភ្នំយ៉ាត ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានត្អូញត្អូរចំពោះមុខរបរលក់ដូររបស់ខ្លួនថា នៅរដូវកូវីដ១៩នេះ ការលក់ដូរមានការស្ងាត់ភ្ញៀវជាងឆ្នាំមុនៗ ដោយក្នុង១ថ្ងៃស្ទើរតែអត់មានម៉ូយចូលទិញត្បូង នោះឡើយ ណាមួយប្រជាពលរដ្ឋនៅក្នុងស្រុកអត់សូវមានលុយកាក់ទិញគ្រឿងអលង្ការរបស់ពួកគាត់ រីឯភ្ញៀវបរទេសក៏ស្ងាត់ថែមទៀត ។ 

បើងាកមើលទៅប្រជាពលរដ្ឋរស់នៅក្នុងខេត្តប៉ៃលិន ដែលប្រកបមុខរបររែងត្បូងនៅតាមដងស្ទឹង មានការត្អូញត្អែរចំពោះជីវភាពរបស់ខ្លួន ខណ:អ្នកខ្លះ បានបោះបង់ចោលមុខរបរមួយនេះទាំងស្រុងទៅហើយ អ្នកខ្លះទៀតទាល់តែរួចដៃពីចម្ការទើបនាំគ្នាចុះរែងរករ៉ែត្បូង ដោយពួកគាត់លើ កឡើងថា ពិតជាពិបាករែងរករ៉ែត្បូង ព្រោះដីភាគច្រើនជាកម្មសិទ្ធិឯកជនរបស់គេ ហើយដីនៅតាមមាត់ស្ទឹង ត្រូវបានគេជីករុករករ៉ែត្បូងអស់រលីងទៅហើយ នៅសល់តែកំទេចតិចតួចប៉ុណ្ណោះ ។ ហើយការផ្សងព្រេងជីកដីតាមមាត់ស្ទឹងរែងរករ៉ែត្បូងនេះ មិនមានការងាយស្រួលនោះទេ ជួនកាលបានតិចតួច ជួនកាលទៀតខំប្រឹងរែងរករ៉ែត្បូងជាច្រើនថ្ងៃមិនប៉ះ សូម្បីតែ១គ្រាប់នោះឡើយ ។

  បើតាមសម្តីកុងសែលក់ត្បូង ឈ្មោះ ស៊ីម សរ ភេទស្រី អាយុ៤៥ឆ្នាំ និង ឈ្មោះ ស៊ីម ទូច ភេទស្រី អាយុ៥២ឆ្នាំ រស់នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានរៀបរាប់ឱ្យដឹងថា ៖ ការលក់ដូរត្បូងពេលនេះស្ងាត់ភ្ញៀវជាងរាល់ដង ខណ:ជម្ងឺកូវីដ១៩ កំពុងវាយប្រហារពិភពលោក និងប្រទេសកម្ពុជា ធ្វើឱ្យស្ងាត់ម៉ូយខ្លាំង ពោលគឺអត់សូវមានអ្នកដើរលេង ចូលទិញដូចកាលពីមុននោះទេ ។ ប្រភពបន្តទៀតថា តូបលក់ត្បូងជាច្រើន ដែលកុងសែលក់ដូរនៅក្បែរជើងភ្នំ ត្រូវបានបិទ ទ្វារចាក់សោទុកចោល ផ្អាកលក់១រយ:សិន ពោលគឺបើកលក់ដូរតែរដូវបុណ្យទាន ដូចជាចូលឆ្នាំខ្មែរ ចូលឆ្នាំចិន និងពិធីផ្សេងៗ ដែលមានមនុស្សមកលេងនៅខេត្តប៉ៃលិនច្រើនប៉ុណ្ណោះ ។  


  ចំណែកឯតាមការរៀបរាប់ពីបុរសម្នាក់ ឈ្មោះ ម៉ាប់ អាយុ៤៥ឆ្នាំ រស់នៅភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានរៀបរាប់ឱ្យដឹងកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា រហូតមកដល់ពេលនេះ អត់សូវមានអ្នកជីកកកាយដីរែងរករ៉ែត្បូងដូចកាលពីមុននោះ ទេ ដោយអ្នកខ្លះនៅបន្តផ្សងព្រេងនៅតាមមាត់ស្ទឹងផ្លាស់ទីពីកន្លែងមួយទៅកន្លែងមួយទៀត និងនៅក្នុងស្ទឹងតារាប ក្នុងភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ 


ប្រភពបន្តទៀតថា រហូតមកដល់ពេលនេះ នៅក្នុងស្ទឹងតារាប គាត់មកជីកដីរែងរករ៉ែត្បូងតែម្នាក់ឯង ប៉ុណ្ណោះ ក្រែងហេងប៉ះចំគ្រាប់រ៉ែត្បូងតិចតួច យកទៅលក់សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ។ ចំណែកអ្នកផ្សេងទៀតដែលធ្លាប់ប្រកបរបរមួយនេះ បានបោះបង់ចោលអស់ហើយ ព្រោះពិបាករករ៉ែត្បូង ពោលគឺអស់រលីងទៅហើយ ដោយសារតែកាលពីសម័យសង្គ្រាមជនជាតិថៃ ចូលមកជីកកកាយដឹក យកទៅប្រទេសរបស់គេអស់រលីង ៕ 




ដោយ ៖ នីយ៉ា