ភ្នំពេញ: រថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រមួយគ្រឿងបោះពួយក្នុងល្បឿនលឿនផ្លូវកោងបួងចង្កូតមិនទាន់ជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ខូបាក់មួយផ្ទាំង ឯរថយន្តខូចខាតយ៉ាងដំណំទៅមុខលេងរួច។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង២០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ ៥២៨ កែងនិង២៧៥ ខាងកើត អតីត សុីម៉ាក់ចាស់ប្រមាណជា២០០ ម៉ែត្រ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។


តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តឡង់គ្រឺស័រមួយគ្រឿង ពណ៌សមិនស្គាល់ស្លាកលេខបើកបរចុះពីផ្លូវទំនប់៧០ មកផ្លូវ ៥២៨ ដោយធ្វើដំណើរទិសដៅពីកើតទៅលិច ខណៈមកដល់កែងនិងផ្លូវ២៧៥ផ្លូវកោង ចំណុចកើតហេតុខាងលើបួងចង្កូតមិនទាន់រេមកខាងស្ដាំដៃជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋបាក់អស់មួយផ្ទាំង ឯរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ក្រោយហេតុការណ៍ម្ចាស់រថយន្តបានដោះស្លាកលេខយកទៅជាមួយគេចខ្លួនចេញពីកន្លែងកើតហេតុបាន។


ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕