ខេត្តកំពង់ឆ្នាំង៖ ប្រជាកសិកររស់នៅក្នុង ឃុំទឹកហូត នៃស្រុករលាប្អៀរ សប្បាយចិត្ត ដោយសារតែបន្លែខ្ទឹមរបស់ពួកគាត់នៅមានតម្លៃថ្លៃល្អបនរសើរខុសពីឆ្នាំមុនៗទៅ ទៀតបើទោះបីពេលនេះតម្លៃទីផ្សាបានធ្លាក់ចុះបន្តិចតួចមែន ប៉ុន្តែពួកគាត់នៅតែអាចទទួលយកបាន ដោយរំពឹងថា៖ តម្លៃនឹងបន្តធ្លាក់ចុះជាងនេះបន្តិចទៀត នៅពេលប្រជាកសិករបានប្រមូលផលគ្រប់ៗគ្នា ក៍ពួកគាត់នៅអាចទទួលយកបានផងដែរ ។
នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ស្ត្រីអ្នកធ្វើចំការឈ្មោះ ចាន់ អូន បាននិយាយឱ្យដឹងថា៖ថ្វីបើដីគាត់មានត្រឹមតែ៣០អារ ក៍ពិតមែន តែគាត់បានជួលដីគេដើម្បីធ្វើចំការ ឱ្យធំបន្ថែមទៀយ។
ក្នុងចំការ គាត់បានដាំបន្លែ ដូចជា ត្រសក់ ត្រឡាច សណ្តែកកួ ប៉ុន្តែ បន្លែដែលគាត់ចាប់អារម្មណ៍ជាងគេ ព្រោះកំពុងមានទីផ្សារល្អ គឺដំណាំខ្ទឹម ដែលបច្ចុប្បន្ន មានតម្លៃថ្លៃ៦ពាន់រៀលក្នុង១គីឡូក្រាម ។
សម្រាប់ដំណាំខ្ទឹមរបស់គាត់ពេលនេះមិនទាន់ប្រមូលផលក៍ពិតមែន តែគាត់រពឹងថា៖ នៅពេលដែលខ្ទឹមរបស់គាត់ប្រមូលផល អាចធ្លាក់ចុះដល់ ៥ពាន់រៀលក្នុងមួយគីឡូក្រាម ក៍គាត់នៅតែអាចទទួលយកបានផងដែរ ។
បងប្រុស ឈ្មោះ ប៉ាត សៅ មានទីលំនៅភូមិនាមទទឹង ឃុំទឹកហូត ស្រុករលាប្អៀរ ក៏បានបញ្ជាក់ផងដែរថា៖ គាត់ជាអ្នកដាំខ្ទឹមនៅភូមិព្រែសាលានេះយូរណាស់មកហើយ ថ្វីបើគាត់មិនបានចូលសហគមន៍បណ្ដុំបន្លែក៏ពិតមែន ប៉ុន្តែតម្លៃ បន្លែរបស់ពួកគាត់នៅតែមានហាងឆេងល្អដដែល ។
ជាក់ស្តែងខ្ទឹមរបស់គាត់កាលពីទឹកឡើង ថ្មីៗកន្លងទៅនេះ ខ្ទឹមរបស់គាត់ អាចលក់បាន ១ម៉ឺនរៀល ក្នុងមួយគីឡូក្រាម ហើយក្រោយមកទើបតម្លៃធ្លាក់ចុះ ជាបន្តបន្ទាប់ រហូតបច្ចុប្បន្ននៅត្រឹម៦ពាន់៥រយរៀល គាត់នៅតែសប្បាយចិត្ត ព្រោះតម្លៃនេះគាត់អាចទទួលយកបាន ហើយនៅពេលខាងមុខ ខណៈដែលខ្ទឹមកសិករធ្វើបានច្រើនគ្រប់ទីកន្លែង ខ្ទឹមអាចនឹងធ្លាក់ដល់៥ ពាន់រៀល ក្នុងមួយគីឡូក្រាមក៏គាត់នៅតែអាចទទួលយកបាន ដែរ ប៉ុន្តែកុំឱ្យតែចុះទាបជាងនេះគាតថានិងពង្រីដីដាំខ្ទឹមនេះបន្ថែមទៀតផងដែត ។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង លោក ងិនហ៊ុន បានឲ្យដឹងថា៖ ជាការពិតណាស់ ដើមខ្ទឹមបានឡើងដល់ជាង ១ម៉ឺនរៀល កាលពីដើមខ្ទឹមអត់ គ្មានលក់ក្នុងទីផ្សារ ប៉ុន្តែពេលខ្លះ ខ្ទឹមបានចុះថោកដល់ក្រោម ១ពាន់រៀលក្នុងមួយគីឡូក្រាមពេលដែលខ្ទឹមសំបូរច្រើន ហេតុដូចនេះគឺអាចនិយាយបានថា៖ តម្លៃទីផ្សារមិនថេរនោះទេពលខ្លះឡើងនិងពេលខ្លះចុះផងដែរ ។
ដោយសារតែចង់រក្សាអោយស្ថានភាព នៃតម្លៃឱ្យបានស្ថិតស្ថេរ ខាងមន្ទីរកសិកម្មខេត្តបាន រៀបចំចងក្រងជាសហគមន៍បណ្ដុំ គឺប្រមូលផ្ដុំបន្លែគ្រប់ប្រភេទ យកទៅដាក់លក់តែមួយកន្លែង ដើម្បីរក្សាតម្លៃឱ្យមានលំនឹង និងជៀសវាងមានឈ្មួញ ចូលមកបន្ទាប់ធ្វើឲ្យតម្លៃធ្លាកចុះថោក ។
ប្រធានមន្ទីកសិកម្មខេត្តលោក ងិនហ៊ុន បានបញ្ជាកថាជាក់ស្តែងនៅក្នុងភូមិត្រពាំងក្រពើ យើងក៍បានបង្កើតសហគមន៍ ប្រមូលផ្តុំ ហើយដំណើរការបានជោគជ័យ រហូតដល់សព្វថ្ងៃនេះ ចំណែកអ្នកនៅភូមិនាមទទឹងដែលនៅ ជាប់មាត់ទន្លេ ពួកគាត់មិនបានចូលសហគមន៍ក៍ពិតមែន តែពួកគាត់នៅឃុំជាមួយគ្នាដែលអាចទទួលចំហាយពីសហគមន៍នេះបានទើប បន្លែគាត់មានតម្លៃក្នុងទីផ្សារបានល្អដូចៗគ្នា ៕
ដោយសុក្ខារិន