ខេត្តរតនគិរី៖ ឯកឧត្តម ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៨ខែវិច្ឆិកា ឆ្នាំ២០២០បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាស អនុប្រធាននិងបំពេញបន្ថែមសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី។


ក្នុងពិធីនេះមាន ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី និងជាអនុប្រធានអចិន្ត្រ័យព្រមទាំងឯកឧត្តមជាសមាជិកក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត និងក្រុមការងារលេខាធិការដ្ឋាន ជាច្រើនរូបទៀតផងដែរ។


ក្នុងនោះតែងតាំង ឯកឧត្តម វ៉ា សុិន ភីរម្យ ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងឯកឧត្តម សោម រតនា អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវានិងជានាយក នាយកដ្ឋានសោធនិវត្តន៍ក្រសួងការពារជាតិជា  អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី ។


-សម្រេចតែងតាំងឯកឧត្តម សុត វុទ្ធី អគ្គនាយករងអគ្គនាយកដ្ឋានអធិការកិច្ចក្រសួងការពារជាតិនិង ឯកឧត្តម ប្រុក សាវុនអគ្គនាយករង អគ្គនាយដ្ឋានប្រេងឥន្ធនៈក្រសួងការពារជាតិ ជាសមាជិក ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី។ 


ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ថា ការចុះអនុវត្តការងារយ៉ាងសកម្ម របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្ត គឺពិតជាបានបង្ហាញឱ្យឃើញពីឆន្ទៈ និងការប្ដេជ្ញាចិត្តរួមគ្នាយ៉ាងមោះមុត ចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុងការប្រមូលផ្ដុំនូវកម្លាំងសរុប តម្រង់ឆ្ពោះទៅមូលដ្ឋាន ដើម្បីគាំទ្រ និងជួយដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋឲ្យកាន់តែទទួលបានលទ្ធផលជោគជ័យ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ។


បានចូលរួមដោះស្រាយ និងបូកសរុបសំណើ សំណូមពរបញ្ហាប្រឈមនានានៅមូលដ្ឋានកំណត់ទិសដៅ វិធានការដោះស្រាយ ឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ។ ជួយជំរុញការយល់ដឹងពីមូលដ្ឋាន និងបង្កើនភាពជិតស្និទ្ធ និងស្និទ្ធស្នាលរវាងថ្នាក់ដឹកនាំ និងមន្ត្រី នៃរដ្ឋបាលថ្នាក់កណ្ដាល អាជ្ញាធរមូលដ្ឋាន និងប្រជាជននៅតាមមូលដ្ឋានផងដែរ ។


 ឯកឧត្តមជៀង អំ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរីបានថ្លែងថា ក្រោមការដឹកនាំដ៏ឈ្លៀសវៃប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន បាននាំនាវាកម្ពុជាឆ្ពោះទៅមុខស្ថិតក្រោមដំបូលសុខសន្តិភាព ប្រជាជនមានជីវភាពធូធារប្រសើជាងមុន ក្នុងនោះរួមទាំងការអភិវឌ្ឍហេដ្ឋាចនាសម្ព័ន្ធមានការចំរើនលើគ្រប់វិស័យផងដែរ។


ឯកឧត្តមបានថ្លែងអំណរគុណដល់លោកស្រីជាក្រុមការរាជរដ្ឋាភិបាល ក្រុមការងារលេខាធិការដ្ឋាន ដែលបានលះបង់ពេលវេលា កំលាំងកាយចិត្ត និងធនធានក្នុងការចុះជួយប្រជាពលរដ្ឋនៅមូលដ្ឋាន ជាបន្តបន្ទាប់ ក្នុងនោះបានចុះអនុវត្តយ៉ាងសកម្ម ក្នុងការយកចិត្តទុកដាក់ទៅលើការតាមដាន និងពិនិត្យការងារ ការប្រមូលព័ត៌មានជាក់ស្តែងដើម្បីធ្វើការឆ្លើយ តបនូវតម្រូវការ កង្វល់ បញ្ហាសំណើរសំណូមពរ របស់ប្រជាពលរដ្ឋ៕



(ផង់វិន)