កំពង់ឆ្នាំងៈ អំណោយរបស់រាជរដ្ឋាភិបាលផ្តល់តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាខេត្តកំពង់ឆ្នាំង សម្រាប់ផ្តល់ជូនគ្រួសារអតីតយុទ្ធក្រីក្រដែលងាយរងគ្រោះចំនួន៨០គ្រួសារ។ លោក ឈួរ ចន្ទ័ឌឿន  និង លោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និង យុវនីតិសម្បទាខេត្តកំពង់ឆ្នាំងរួមនិងសហការី នាំយកទៅចែកជូនដល់គ្រួសារចំនួន៨០នៅក្នុងមន្ទីសង្គមកិច្ចអតីតយុទ្ធជននិងនីតិសម្បទាក្រុងកំពង់ឆ្នាំងនិងស្រុករលាប្អៀរនាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ។ ប្រធានមន្ទីរសង្គមកិច្ចនិងអតីតយុទ្ធជនខេត្តកំពង់ឆ្នាំងលោក ថោង ចំរើន បានអោយដឹងថា គ្រួសារអតីតយុទ្ធជន ដែលមកទទួលអំណោយនាពេលនេះ ងាយរងគ្រោះ និង កំពុងជួបការលំបាក ខ្វះខាត ដែលបានរងផលប៉ះពាល់ដោយសារតែជំងឺកូវីត១៩ ។ ដើម្បីសម្រួលនូវការលំបាកនេះផងដែររាជរដ្ឋាភិបាលតាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា បានផ្តល់អំណោយ ដើម្បីជួយដល់គ្រួរសារអតីតយុទ្ធជនដែលងាយរងគ្រោះ ក្នុងក្រុងកំពង់ឆ្នាំងនិងស្រុករលាប្អៀរ មានចំនួន៨០គ្រួសារផងដែរ ។



មានប្រសាសន៍នៅក្នុងឱកាសនោះអភិបាលខេត្តកំពង់ឆ្នាំងលោក ឈួរ ច័ន្ទឌឿនបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេច និង ឯកឧត្តម តែងតែបានយកចិត្តទុកដាក់ គិតគូរអំពីសុខមាលភាព ជីវភាពរស់នៅរបស់គ្រួសារអតីតយុទ្ធជននៅគ្រប់ទីកន្លែងដោយមិនប្រកាន់ពូជសាសន៍និងនិន្នាការនយោបាយឡើយ ។ បច្ចុប្បន្ននេះដោយសារនៅលើសាកលលោកជួបបញ្ហាជំងឺកូវីដ១៩ជាលើកទី២នោះ ប្រមុខរាជរដ្ឋាភិបាលបានដាក់វិធានការយ៉ាងម៉ឹងម៉ាត់លើការ ក្នុងការទប់ស្កាត់ធ្វើយ៉ាងណាកុំអោយជំងឺកូវីដ១៩នេះផ្ទុះឡើងនិងរីករាលដាលបន្តទៀតនៅក្នុងប្រទេសកម្ពុជា ។



អភិបាលខេត្តកំពង់ឆ្នាំងបានធ្វើការក្រើនរំលឹក ដល់អាជ្ញាធរនៅគ្រប់មូលដ្ឋានទាំងអស់  ត្រូវបង្កើនសកម្មភាពបន្ថែមទៀតក្នុងការចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ ដល់ប្រជាពលរដ្ឋរបស់ខ្លួនអោយបានញឹកញាប់បំផុត ធ្វើយ៉ាងណាអោយនៅក្នុងមូលដ្ឋាន ក្រុមគ្រួសារ និង សហគមន៍របស់ខ្លួន គ្មានការឆ្លងរាលដាលនៃជំងឺកូវីដ១៩និងរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួនអោយបានល្អ។ អភិបាលខេត្តក៏បានផ្តាំផ្ញើដល់ដល់គ្រួសារអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំងទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ លើកិច្ចការងារបង្ករបង្កើនផល ដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វដើម្បី លើកកម្ពស់ជីវភាពរស់នៅបានល្អប្រសើរ  កុំធ្វើចំណាកស្រុកប្រថុយប្រថានដោយខុសច្បាប់ ជាពិសេសត្រូវរួមគ្នាថែរក្សាសុខសន្តិភាពដែលមានបច្ចុប្បន្នអោយនៅគង់វង្ស។ អំណោយដែលត្រូវបានផ្តល់ជូនដោយផ្ទាល់ដៃនៅពេលនោះ ក្នុងម្នាក់ៗទទួលមី១កេស ត្រីខ១យួរ សាប៊ូ ប្រេងសណ្តែកនិងក្រម៉ា១រួមនិងថវិការផងដែរ ៕