ដោយសារវិបត្តិ កូវីដ១៩ បានធ្វើអោយសេដ្ឋកិច្ចពិភពលោកមានការធ្លាក់ចុះ បូករួមទាំងកម្ពុជាផងដែរ ដើម្បីឆ្លើយតបនឹងវិបត្តិនេះ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ឥណទានបន្ថែមឆ្នាំ២០២០ សម្រាប់លើកកម្ពស់គុណភាព និងសុវត្ថិភាពផលិតផលបន្លែនៅតាមសហគមន៍ ។ ដើម្បីពង្រឹងការបង្កបង្កើន និងស្តារឡើងវិញនូវការដាំដុះដំណាំបន្លែសុវត្ថិភាព និងដំណាំរួមផ្សំ តាមសហគមន៍ ឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់លើផ្នែកកសិកម្ម។
ជាក់ស្ដែង នៅថ្ងៃចុងសប្តាហ៍ ខែវិច្ឆិកា ឆ្នាំ ២០២០នេះ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម រៀបចំវេទិកាវេទិកាធុរៈកិច្ចរវាងសហគមន៍កសិកម្ម ផលិតបន្លែសុវត្ថិភាព និងវិស័យឯកជន២០២០ ដោយមានការចូលរួមពីបងប្អូនប្រជាកសិករ ជាសមាជិកសហគមន៍កសិកម្ម ដាំបន្លែសុវត្ថភាព និងតំណាង មកពីមន្ទីរពាកព័ន្ធនៅក្នុងខេត្ត អគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការក្រៅរដ្ឋាភិបាល និងតំណាងក្រុមហ៊ុនឯកជនមួយចំនួនទៀត។
ឆ្លៀតក្នុងឱកាសនោះដែរ លោក ស៉ឹម ថាវីរៈ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ចាម បានឲ្យដឹងថា វេទិកាធុរៈកិច្ចរវាងសហគមន៍កសិកម្មផលិតបន្លែសុវត្ថិភាព និងវិស័យឯកជនមានគោលបំណងសំខាន់ៗ ដូចខាងក្រោម៖- បង្ហាញពីសក្តានុពលបន្លែសុវត្ថិភាព សមត្ថភាព លទ្ធភាព ក្នុងការផ្គត់ផ្គង់របស់សហគមន៍កសិកម្ម- បង្ហាញពីតម្រូវការ និងលក្ខណ្ឌតម្រូវផ្សេងៗរបស់ក្រុមហ៊ុន ឬអ្នកទទួលទិញបន្លែសុវត្ថិភាព- ភ្ជាប់ទំនាក់ទំនងគ្នា រវាងសហគមន៍កសិកម្ម អ្នកផលិតបន្ថែសុវត្ថិភាព និងវិស័យឯកជន ឬស្ថាប័នដែលពាក់ព័ន្ធ- សហគមន៍កសិកម្ម និងវិស័យឯកជននឹងអាចចុះកិច្ចសន្យាជាមួយគា្ននៅពេលបន្ទាប់។
លោក ប្រធានមន្ទីរ បានបញ្ជាក់ បន្ថែមទៀតថា វិស័យ កសិកម្ម ខេត្តកំពង់ចាម ក្រោយពីរងគ្រោះដោយសារទឹកជំនន់ ទឹកភ្លៀង និងតំបន់ខ្លះត្រូវរងគ្រោះដោយសារទឹកជំនន់ទឹកទន្លេមេគង្គនោះ ប្រជាកសិករចាប់ផ្តើមបង្កបង្កើនផលជាបណ្តើរៗ និងដោយឡែកប្រជាកសិករដែលដាំដំណាំស្រូវដែលរងគ្រោះលិចលង់ និងខ្លះទៀតរងការខូចខាត ប៉ុន្តែ មកដល់ពេលនេះកសិករបានស្តារឡេីងវិញបានប្រមាណជាង៩០%ហើយ ៕