ខេត្តរតនគិរី៖ ប្រជាពលរដ្ឋភូមិអូរកន្តិលសង្កាត់បឹងកន្សែងក្រុងបានលុងចំនួន៨១៤គ្រួសារត្រូវបានអាជ្ញាធរចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូននារសៀលថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២០នេះ។


ឯកឧត្ដម ថង សាវុនបានថ្លែងថា បន្ទាប់ពីទទួលប័ណ្ណកម្មសិទ្ធិដីរួចហើយ គប្បី ប្រជាពលរដ្ឋរក្សាទុកឱ្យបានល្អ និងត្រូវប្រុងប្រយ័ត្នកុំឱ្យបាត់បង់ព្រោះវាជាមាសប្រាក់ដ៏សំខាន់សម្រាប់ជីវិត និងម្យ៉ាងទៀតជាសិទ្ធិស្របច្បាប់ពេញលេញក្នុងការបែងចែក ឬផ្ទេរទ្រព្យសម្បត្តិរបស់ខ្លួនដល់កូនចៅ ដែលនេះជាការជួយពិតប្រាកដ ។

ហើយគោលបំណងរបស់រាជរដ្ឋាភិបាលកម្ពុជា គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋរស់នៅក្នុងស្ថានភាពរៀបរយ សមរម្យនិងជាការកាត់បន្ថយភាពក្រីក្រប្រកបដោយសុខដុមរមនា។


ឯកឧត្តមបន្តទៀតថា ផលប្រយោជន៍ជាច្រើន ដែលប្រជាជនកំពុងទទួលបានទាំងប្រយោល និងផ្ទាល់ពីការអភិវឌ្ឍលើគ្រប់វិស័យ ពោលគឺមានស្ថិរភាពនយោបាយនិងសន្តិភាពដែលជាគន្លឹះនាំមកនូវសេដ្ឋកិច្ចគ្រួសារ ក៏ដូចសង្គមជាតិបានល្អប្រសើរ ធ្វើឱ្យប្រជាពលរដ្ឋអាចប្រកបរបររកស៊ីមិនមានការភ័យខ្លាច។


លោក លី ឧសភា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានឱ្យដឹងថា ការងារចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធដែលមានឯកឧត្តម ថង សាវុន ជាអភិបាលខេត្ត តែងតែយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋក៏ដូចជាមន្រ្តីក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធធ្វើឱ្យសម្រេចបានជោគជ័យយ៉ាងល្អប្រសើរ។


ជាក់ស្តែងកន្លងមកភូមិចំនួន១២ស្មើនឹង៨,៣៧៩វិញ្ញាបនបត្របានចែកជូនប្រជាពលរដ្ឋ។ដោយឡែកថ្ងៃនេះចែកចំនួន១ភូមិបន្ថែមទៀតស្មើនឹង៨១៤វិញ្ញាបនបត្រក្នុងនោះដីលំនៅដ្ឋានចំនួន៧៨០វិញ្ញាបនបត្រ,ដីកសិកម្ម៣៣វិញ្ញាបនបត្រនិងដីរដ្ឋចំនួន១វិញ្ញាបនបត្រផងដែរ។ហើយក្នុងពេលឆាប់ៗខាងមុខនេះមន្ទីរនឹងគ្រោងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចនវត្ថុចំនួន៦ភូមិបន្ថែមទៀតមានដូចជា៖ ភូមិប៉ាជន់ធំភូមិអូរជុំ,ភូមិទេសអន្លុង,ភូមិថារ៉ងជង,ភូមិអ៊ុននិងភូមិត្រាងដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុប្រមាណ៣,៣២៥វិញ្ញាបនបត្រ៕

(ផង់វិន)