ខេត្តប៉ៃលិន ៖ កសិករម្នាក់ បានជួលកម្មករឱ្យចូលទៅសម្រុកប្រមូលផលដំឡូងមីនៅក្នុងចម្ការរបស់ខ្លួន យ៉ាងសស្រាក់សស្រាំ បើទោះបីជាមិនទាន់គ្រប់ខែ ត្រូវប្រមូលផលក៏ដោយ ខណ:ភ្លៀងធ្លាក់ជោកជាំ ជារៀងរាល់ថ្ងៃ ក្រែងរលួយមើមអស់ ទើបនាំគ្នាដកលក់ខណ:ទីផ្សារឡើងខ្ពស់ ជាងមុន ។ 



ជាក់ស្តែងកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ មានកសិ ករម្នាក់ ឈ្មោះ វួច ធី ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិតាង៉ែនលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន បានរៀបរាប់ឱ្យដឹងថា ៖ គាត់បានដាំដំឡូងមីចំនួន២ហិកតា នៅលើដីចម្ការរបស់ខ្លួន កាលពីខែមីនា ឆ្នាំ២០២០ ។ គាត់បន្តទៀតថា ប៉ុន្តែចាប់តាំងពីដាំដំឡូងមីរហូតមកដល់ពេលប្រមូលផលនេះ មិនទាន់គ្រប់អាយុដល់ពេលដកនៅឡើយទេ ពោលគឺទើបតែបានរយ:ពេល៧ទៅ៨ខែប៉ុណ្ណោះ ។ តែ ដោយសារមេឃបង្អុរភ្លៀងជោកជាំរាល់ថ្ងៃ បណ្តាលឱ្យដីក្នុងចម្ការជាំទឹកត្រង់ដីទំនាប ធ្វើឱ្យមើមដំឡូងមីរបស់គាត់ ក្លាយទៅជាស្អុយរលួយត្រង់ដីទួលផងដែរ ។ ដូច្នេះ បើសិនជាគាត់នៅដំអក់យូរបន្តិចទៀត អាចនឹងរលួយ ទាំងអស់ជាក់ជាមិនខាន ទោះបីជាមិនទាន់គ្រប់អាយុ១ឆ្នាំ ក៏គាត់នៅតែព្យាយាមប្រមូលផលលក់ ដើម្បីបានថវិកាខ្លះសម្រាប់យកទៅសងបំណុលគេ និងទុកសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ។ ប៉ុន្តែ នៅចុងឆ្នាំនេះ ផលដំណាំរបស់គាត់មានការធ្លាក់ចុះ ដោយសារតែគ្រោះ ធម្មជាតិ មើលទៅមិនបានចំណេញប៉ុន្មាននោះទេ ។  សូមបញ្ជាក់ថា ទីផ្សារមើមដំឡូងមីបច្ចុប្ប ន្នគឺ នៅតាមស្តង់ ក្បែរៗចម្ការ ឈ្មួញទិញក្នុង១គីឡូក្រាមតម្លៃ២បាត(ប្រាក់ថៃ) ដែលមានតម្លៃខ្ពស់ជាងខែមុនបន្តិច ៕