បុរសជាជនសង្ស័យ អារក សម្លាប់ក្មេងអាយុទើបតែ ១១ខែ ម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ឃាត់បានភ្លាមៗ ខណៈដែលរត់គេចទៅពួន នៅចំណុចវាលស្រែមួយកន្លែង ស្ថិតនៅចំណុចភូមិទួលរកា ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពីវេលាម៉ោង ២១ និង៣០នាទី យប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ។ តាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ស្រ៊ីន បូនីន ហៅ ប៉ូច ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិទួលរកា ឃុំរអាង ស្រុកកំពង់សៀម បានធ្វើសកម្មភាពយកកាំបិត អារក ជនរងគ្រោះ ឈ្មោះ ប៊ុនថុន សុខចំរើន ភេទប្រុស អាយុ ១១ខែ ត្រូវជាក្មួយចិញ្ចឹម រហូតដល់ស្លាប់។
ប្រភពដដែល បានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានភ្លាម ជាពិសេស ក្រោមការសម្របសម្រួល ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលា ដំបូងខេត្តកំពង់ចាម កម្លាំងជំនាញ សហការកម្លាំងជាមួយប្រជាការពារ ក៏បានចុះដល់កន្លែងកើតហេតុ ស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ កាលពីវេលាម៉ោង ២១ និង៣០នាទី យប់ ផងដែរ ។ ប្រភពបន្តថា គ្រាន់តែឃើញសមត្ថកិច្ចភ្លាម ស្រាប់តែជនសង្ស័យខាងលើបានទាញកាំបិតខ្វែវកង៉ុក ដេញកាប់កម្លាំងនគរបាល និងប្រជាការពារយើង ១កាំបិត ត្រូវចំកណ្ដាលខ្នង បណ្តាលឲ្យរងរបួស ។ សមត្ថកិច្ចបានឲ្យដឹងដែរថា បន្ទាប់ពីការឃាត់ខ្លួន ជនសង្ស័យ ហៅ ប៉ូច បានសារភាពថា ខ្លួនពិតជាអារក ក្មេងអាយុ ១១ខែ នេះ ពិតប្រាកដមែន ដោយសារខ្លួន ខឹងជាមួយបងថ្លៃ ស្តីបន្ទោសឲ្យ ។ បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅកាន់អធិការដ្ឋាននគរបាល ស្រុកកំពង់សៀម ដើម្បីធ្វើការសួរនាំ និងកសាងសំណុំរឿង ចាត់ការទៅតាមនីតិវិធី ៕