ខេត្តរតនគីរី៖
វេទិការផ្សព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត លើកទី២ អាណត្តិទី៣ ឆ្នាំ ២០២០ដែលរៀបចំធ្វើឡើងនៅព្រឹកថ្ងៃទី១៦ខែវិច្ឆិកា ឆ្នាំ២០២០នៅស្រុកអូរជុំ ។ឯកឧត្តម ថង សាវុន អភិបាលខេត្តបានជំរុញដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ ក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពត្រូវតែពន្លឿនក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋដែលកំពុងជួបប្រទះ។
ដូចជា៖ ការផ្តល់សេវាសាធារណៈ ការធ្វើអត្តសញ្ញាណប័ណ្ណ ,ការងារអត្រានុកូលដ្ឋាន ការរៀបចំសណ្តាប់ធ្នាប់សាធារណ: និងសំណង់ បរិស្ថានអនាម័យ , និងទំនាស់ដីធ្លី ឱ្យបានឆាប់រហ័ស និង ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យលឿន និងមានតម្លាភាព ។ឯកឧត្តម ថង សាវុន ក៏បានជម្រុញដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវបន្តចូលរួមឱ្យបានសកម្មក្នុងផ្សព្វផ្សាយការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមមមូលដ្ឋានឱ្យបានស៊ីជម្រៅដល់ស្រទាប់មហាជនទូទៅ។
ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្តជាអធិបតីភាពក្នុងវេទិកានេះ បានលើកឡើងថាវេទិកានេះរៀបចំឡើងក្នុងគោលបំណងដើម្បីឱ្យប្រជាពលរដ្ឋបានស្តាប់នូវរបាយការណ៍ស្តីពី សមិទ្ធផលដែលសម្រេចបាន និងផែនការសកម្មភាពសម្រាប់អនុវត្តនៅឆ្នាំបន្តបន្ទាប់ទៀត ផ្ដល់ឱកាសជូនប្រជាពលរដ្ឋ និង អ្នកពាក់ព័ន្ធទាំងអស់ បានបព្ចោញមតិរបស់ខ្លួន ពាក់ព័ន្ធនឹងក្ដីកង្វល់ សំណូមពរ និង តម្រូវការជាក់ស្ដែងក្នុងមូលដ្ឋាន។ឱ្យអាជ្ញាធរដែនដី និង មន្ទីរពាក់ព័ន្ធ ធ្វើការដោះស្រាយ និងឆ្លើយតបរាល់តម្រូវការទាំងនោះ។
ពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ លើការអភិវឌ្ឍន៍នៅតាមមូលដ្ឋានឱ្យកាន់តែល្អប្រសើរឡើងឆ្លើយតបទៅនឹងគោលការណ៍នៃការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ឯកឧត្តមស្នើដល់មន្ទីរអង្គភាពពាក់ព័ន្ធត្រូវធ្វើការឆ្លើយតប ទៅនឹង ក្តីកង្វល់ បញ្ហាប្រឈម ក៏ដូចជាសំណូមពរនានារបស់ប្រជាពលរដ្ឋដែលបានលើកឡើងក្នុងអង្គវេទិកាដើម្បីអោយប្រជាពលរដ្ឋមានជំនឿចិត្តមកលើការដឹកនាំរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ផងដែរ៕