មានករណីគ្រោះថ្នាក់ចរាចរ រវាងម៉ូតូ និងរឺម៉កសណ្ដោង កាលពីវេលាម៉ោង ១៩:២០នាទី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅលើផ្លូវក្រាលកៅស៊ូចំណុចភូមិដើមស្តៅ ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ប្រភពពីសមត្ថកិច្ច ក្នុងមូលដ្ឋាន ឲ្យដឹងថា គ្រោះថ្នាក់ចរាចរនេះ កើតឡើង ដោយសារម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ សេរីឆ្នាំ២០១១ ពាក់ស្លាកលេខ កំពង់ចាម 1Q-3478 បើកបរដោយ ឈ្មោះ ម៉េង ស៊ីណាត ភេទប្រុស  អាយុ ៤០ឆ្នាំ ជាតិខ្មែរ  នៅភូមិប៉ាក់ណាម ឃុំពង្រ ស្រុកកោះសូទិន (មិនពាក់មួកសុវត្ថិភាព)បើកបរទិសដៅបញ្រ្ចាស់គ្នា ពីទិសខាងត្បូង ទៅទិសខាងជើង លុះមកដល់ចំណុចកើតហេតុ ដែលជាផ្លូវកោង ក៏បានបុកជាមួយ និងម៉ូតូសណ្ដោងរឺម៉ក បើកបរ ដោយ ឈ្មោះ ខុន សុខរ៉ុន ភេទប្រុស  អាយុ ៣៦ឆ្នាំ ជាតិខ្មែរ នៅភូមិពង្រលិច ឃុំពង្រ ស្រុកកោះសូទិន ។ ប្រភពដដែល បានបញ្ជាក់ថា ករណីនេះ បណ្តាលឲ្យមនុស្សម្នាក់ រងរបួសធ្ងន់ និងខូចខាតមធ្យោបាយ ម៉ូតូ ០២គ្រឿង ។ ចំពោះ អ្នករងរបួស ឈ្មោះ ម៉េង ស៊ីណាត ត្រូវបានក្រុមគ្រួសារដឹកតាមរថយន្ដសង្រ្គោះមន្ទីរពេទ្យបង្អែកជីហែ យកទៅព្យាបាល នៅមន្ទីរពេទ្យខេត្តកំពង់ចាម តែជាអកុលសល បុរសម្នាក់នេះ បានដាច់ខ្យល់ស្លាប់ នៅពេលទៅដល់មន្ទីរពេទ្យនោះ ។ បច្ចុប្បន្ននេះ មធ្យោបាយម៉ូតូទាំង ០២គ្រឿង ត្រូវបានផ្នែកជំនាញ យកមករក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកកោះសូទិន ដើម្បី ចងក្រងសំណុំរឿង តាមនីតិវិធី ៕