កំពង់ឆ្នាំង៖ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង លោក ឡុងឈុនឡៃ បានធ្វើការកោតសរសើរបែបនេះ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់គណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត ដែលធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ។





 កិច្ចប្រជុំនេះធ្វើឡើងដោយមានការអញ្ជើញចូលរូមពីលោកជំទាវ  ប៊ន សុភី អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលខេត្ត លោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត អនុប្រធាន និងសមាជិក សមាជិកា តាមមន្ទីរ អង្គភាពពាក់ព័ន្ធ ក្រុង ស្រុក និងអង្គការដៃគូពាក់ព័ន្ធ។



ប្រធានក្រុមប្រឹក្សាខេត្តលោក ឡុង ឈុនឡៃ បានមានប្រសាសន៍ផ្តាំផ្ញើបន្ថែមទៅដល់សមាជិកក្នុងគណ:កម្មាធិការ ត្រូវមានកិច្ចសហការគ្នាបន្ថែមឱ្យបានខ្លាំងជាងមុនបន្ថែមទៀត និងត្រូវសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងការទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ, ទប់ស្កាត់ការជួញដូរស្រ្តី និងកុមារ, ការកេងប្រវ៉ាញ់កំលាំងពលកម្មលើកុមារ, ការជួញដូរគ្រឿងញៀន និងចូលរួមរក្សាស្ថេរភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួន និងផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋយល់ដឹងពីការធ្វើអនាម័យដើម្បីការពារពីជំងឺផ្សេងៗ ពិសេសជំងឺកូវីដ១៩ និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។



នៅក្នុងកិច្ចប្រជុំនេះផងដែរក៏មានការធ្វើបទបង្ហាញស្តីពីលទ្ធផល សកម្មភាពការងារដែលបានអនុវត្តកន្លងមកក្នុងឆ្នាំ២០២០ និងលើកទិសដៅការងារអនុវត្តបន្តឆ្នាំ២០២១ និងបានពិភាក្សាបញ្ហាប្រឈម ព្រមទាំងមានការលើកឡើងពីគម្រោងរបស់អង្គការដៃគូរអភិវឌ្ឍន៍នានានៅក្នុងខេត្តផងដែរ ៕ 






ដោយសុក្ខារិន