ខេត្តប៉ៃលិន ៖ កសិករម្នាក់ បានដាំដំណាំពោតក្រហម១ហិកតា និងដាំដំឡូងមីចំនួន១០ហិកតា នៅលើដីចម្ការរបស់ខ្លួន ស្ថិតក្នុងភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន លុះភ្លៀងធ្លាក់ជោកជាំ អស់រយ:ពេលជាច្រើនថ្ងៃជាប់ៗ គ្នា បណ្តាលឱ្យទទួលរងការរលួយខូចខាតទាំងអស់ ដោយនៅសល់តែដំណាំពោតក្រហម ក៏នាំគ្នាប្រមូលផលលក់ ដើម្បីបានប្រាក់សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ។ បើតាមប្រភពព័ត៌មានពីស្រ្តីម្នាក់ ឈ្មោះ មុំ អាយុ៤០ឆ្នាំ ជាម្ចាស់ចម្ការពោត និងដំឡូងមី ខាងលើបានរៀបរាប់ឱ្យភ្នាក់ងារសារព័ត៌មានយើងដឹង កាលពីរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ថា ៖ នៅចុងឆ្នាំនេះ ពួកគាត់ពិតជាយំមិនចេញ ហើយក៏ដេកមិនលក់បក់មិនល្ហើយនោះទេ ដោយ សារតែមេឃភ្លៀងធ្លាក់រាល់ថ្ងៃជាប់ៗគ្នា អស់រយ:ពេលជាយូរ កាលពីថ្មីៗកន្លងទៅ បណ្តាលឱ្យជាំ ទឹក ក្នុងចម្ការ រលួយមើមខូចខាតដំណាំដំឡូងមីរបស់ខ្លួនគ្មានសល់សូម្បីតែបន្តិចនោះឡើយ ។ គាត់បន្តទៀតថា ឆ្នាំនេះ គាត់ពិតជាមានការខាតបង់អស់ច្រើន ដោយសារចំណាយថវិកាទិញដើមដំឡូងមី យកទៅដាំនៅលើដី១០ហិកតា និងទិញពូជគ្រាប់ពោតក្រោម ដាំនៅលើដី១ហិកតា ដោយសង្ឃឹមថា នៅពេលប្រមូលផល អាចនឹងលក់បានប្រាក់ខ្លះៗ សម្រាប់យកទៅសងជំពាក់គេ ហើយសល់សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ។ ប៉ុន្តែ ដោយសារគ្រោះធម្មជាតិភ្លៀងខ្លាំង ធ្វើឱ្យគាត់អស់សង្ឃឹមយ៉ាងខ្លាំង ហើយមើលទៅមិនអាចរកថវិកា សងជំពាក់គេរួចរាល់នោះឡើយ ។ គាត់បញ្ជាក់ថា នៅក្នុងចម្ការពោតនេះ គឺមិនទទួលផលបាន១០ភាគរយនោះឡើយ ព្រោះភ្លៀងខ្លាំងពេក ធ្វើឱ្យផ្លែពោតខ្លះដុះពន្លកនៅក្នុងផ្លែ ហើយខ្លះទៀតមានការដួលហូរតាមទឹកខូចខាតអស់មួយចំនួនដែរ ។
ចំណែកកម្មករ ឈ្មោះ សេន ភ័ណ្ឌ ភេទស្រី អាយុ៤៧ឆ្នាំ និងឈ្មោះ អ៊ិន ចិត្រា អាយុ៣៣ឆ្នាំ រស់ក្រុងប៉ៃលិន បានឱ្យដឹងដែរថា ការស៊ីឈ្មួលប្រមូលផលផ្លែពោត គឺម្ចាស់ចម្ការគិតឱ្យក្នុង១ការ៉ុង តម្លៃ៧០០០រៀល ដោយក្នុង១ថ្ងៃ ពួកគាត់អាចកាច់ស្នៀតពោត បានប្រហែលជាង១០ការ៉ុង ។ ប្រភពបន្តទៀតថា ដំណាំពោតក្រហមនៅឆ្នាំ២០២០នេះ មិនសូវទទួលផលច្រើន ដូចឆ្នាំមុននោះទេ ដោយសារតែពេលពោតកំពុង តែចេញផ្កា និងដាក់ស្នៀត គឺមានភ្លៀងធ្លាក់ខ្លាំងរាល់ថ្ងៃពេក ធ្វើឱ្យ ស្កក លុះពេលពោតទុំ មេឃនៅតែភ្លៀង បណ្តាលឱ្យគ្រាប់ពោតដុះពន្លកនៅក្នុងផ្លែតែម្តង ។ ចំណែកកសិករផ្សេងៗ ទៀត រស់នៅក្នុងខេត្តប៉ៃលិន ជាច្រើននាក់ បានត្អូញត្អែរដូចៗ គ្នាថា ពួកគាត់ពិតជាមានការលំបាកយ៉ាងខ្លាំងនៅចុងឆ្នាំ២០២០នេះ ដោយសារតែចម្ការរបស់ខ្លួនរលួយមើមដំឡូងអស់ ។ ចំណែកកន្លែងខ្លះ ត្រូវបង្ខំចិត្តប្រមូលផល ទាំងមើមដំឡូង មិនទាន់គ្រប់អាយុ ហើយក៏លំបាកដឹកយកទៅលក់ ខណ:ទីផ្សារពោតក្រហម១ គីឡូក្រាមឈ្មួញទិញ ៤.៥បាត(ប្រាក់ថៃ) រីឯដំឡូងមី ១គីឡូក្រាម ឈ្មួញទិញ ១.៥បាត ដែលមានការធ្លាក់ចុះជាងឆ្នាំមុនបន្តិច ៕