ខេត្តប៉ៃលិន ៖ គេសង្កេតឃើញប្រជាពលរដ្ឋដែលប្រកបមុខរបរច្នៃត្បូង នាពេលនេះ ហាក់ដូចជាមានការធ្លាក់ចុះខ្លាំង ដោយសារតែបញ្ហាជម្ងឺកូវីដ១៩ វាយប្រហារពិភពលោក ក៏ដូចជាប្រទេ សកម្ពុជា ខណ:អូសបន្លាយរយ:ពេលយូរ ទើបធ្វើឱ្យកន្លែងច្នៃត្បូងរបស់ខ្លួន ត្រូវកាត់បន្ថយបុគ្គលិកច្នៃ (កម្មករ) ព្រោះតែស្ងាត់ភ្ញៀវ និងម៉ូយ ចូលមកកុម្មង់ទិញគ្រឿងអលង្ការ ដែលខ្លួនផលិតរួច ពោលគឺអត់សូវមានអ្នកទិញយកទៅប្រើប្រាសច្រើនដូចកាលពីមុន ។ 


  បើតាមប្រភពព័ត៌មានពីបុរសម្នាក់ ឈ្មោះ ជាង ហាក់ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិបឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានរៀបរាប់ឱ្យដឹងកាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា គាត់ប្រកបរបរច្នៃត្បូងនេះ ជាង២០ឆ្នាំមកហើយ ដោយកាលពីមុនគាត់មានកូនជាងច្នៃត្បូងរហូតដល់ជិត៣០នាក់ តែមកដល់ពេលនេះ នៅសល់ត្រឹមតែ៨នាក់ប៉ុណ្ណោះ ។ លោកបន្តទៀតថា ដោយសារតែអត់សូវមានការងារឱ្យពួកគេធ្វើ ព្រោះតែជម្ងឺកូវិដ១៩វាយលុកអូសបន្លាយ រយ:ពេលយូរពេក ណាមួយខាងភាគីថៃបិទច្រកទ្វារទ្វារអន្តរជាតិមិនទាន់ឱ្យមនុស្សឆ្លងចេញចូលទៅ មកដូចកាលពីមុន ទើបអត់សូវមានអ្នកយកគ្រាប់ត្បូងមកឱ្យខាងលោកច្នៃធ្វើជាគ្រឿងអលង្ការនោះឡើយ ។ លើសពីនេះ បច្ចុប្បន្នខាងលោកនៅតែបន្តច្នៃកំទេចត្បូងខ្លួនឯងដដែល និងស៊ីឈ្នួលច្នៃឱ្យគេខ្លះៗ ហើយត្បូងដែលមានតម្លៃខ្ពស់ជាងគេ គឺប្រភេទត្បូងទទឹម  (ក្រហម) និងត្បូងកណ្តៀង (ខៀវ) ។ ចំពោះការច្នៃគឺគិតតម្លៃឈ្នួលទៅតាមត្បូងតូចឬធំ ដោយភាគច្រើនកុងសែនៅក្នុងខេត្តប៉ៃលិន គេយកមកឱ្យខាងលោកច្នៃ ឱ្យគេយកទៅដាក់តាំងលក់នៅតាមតូបនានាក្នុងផ្សារប៉ៃលិន និងដាក់លក់ទល់មុខរមណីយដ្ឋានភ្នំយ៉ាតជាដើម ។ 


  លោកបញ្ជាក់ថា បញ្ហាជម្ងឺកូវីដ១៩នេះ ពិតជាប៉ះពាល់ធ្ងន់ធ្ងរ ដល់មុខរបរ និងការងាររបស់ខ្លួនយ៉ាងខ្លាំង ខណ:កំទេចត្បូងទិញពីប្រជាពលរដ្ឋបានច្រើន ។ ប៉ុន្តែបន្ទាប់ពីឱ្យជាងច្នៃរួច មានការលំបាកក្នុងការលក់ដូរឱ្យភ្ញៀវ ដោយសារអត់សូវឃើញមានភ្ញៀវជាតិ និងអន្តរជាតិ ចេញចូលមកលេងក្នុងខេត្តប៉ៃលិនច្រើនដូចកាលពីមុន ពោលគឺសេដ្ឋកិច្ចគ្រួសាររបស់លោកនាពេលនេះ មានការធ្លាក់ចុះតែម្តង ។ 


និយាយឱ្យត្រង់ទៅ កាលពីមុនបុគ្គលិកច្នៃត្បូងរបស់លោកពេញៗផ្ទះ គឺជិត៣០នាក់ បន្ទាប់ពីមានបញ្ហាជម្ងឺនេះកើតឡើងក៏ឈប់ម្តងម្នាក់ៗ រហូតដល់នៅសល់ត្រឹមតែជិត១០នាក់ប៉ុណ្ណោះ ។ បើសិនជាជម្ងឺនេះ មិនមានការថមថយទៅវិញ ទេ ហើយភ្ញៀវអត់សូវចូលមកទិញទៀត ខាងលោក ពិតជាមានការព្រួយបារម្ភខ្លាំងចំពោះជីវភាពប្រចាំថ្ងៃ ។


សូមបញ្ជាក់ផងដែរថា ចំណែកអ្នករែងត្បូងនៅតាមដងស្ទឹង ក៏អត់សូវមានដូចកាលពីមុនដែរ ហើយអ្នកលក់ដូរនៅតាមមុខរមណីយដ្ឋាននានា ដូចជារមណីយដ្ឋានភ្នំយ៉ាត ក៏អត់សូវកាក់កបដូចកាលពីពីមិនទាន់មានបញ្ហាជម្ងឺកូវីដ១៩ដែរ ខណ:បច្ចុប្បន្នពួកគាត់លក់ដាច់តិចតួច សម្រាប់ឱ្យភ្ញៀវក្នុងស្រុក និងមកពីតាមបណ្តាខេត្តមួយចំនួនប៉ុណ្ណោះ ៕

 ដោយ ៖ នីយ៉ា