ខេត្តប៉ៃលិន ៖ ដោយសារមានការចង្អុលបង្ហាញពីសំណាក់លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធាន ស.ស.យ.ក ខេត្តប៉ៃលិន ទើបកាលពីថ្ងៃអាទិត្យទី១៣ ខែធ្នូ ឆ្នាំ២០២០ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តប៉ៃលិន បាន បន្ត ចុះផ្សព្វផ្សាយអំពីវិធានការ ទប់ស្កាត់នៃជំងឺកូវីដ-19 និងច្បាប់ ចរាចរណ៍ផ្លូវគោក ដល់ ប្រជាពលរដ្ឋ រស់នៅតំបន់ដាច់ស្រយាលនិងទីប្រជុំជន ក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
សូមបញ្ជាក់ថា ៖ យើងចូលរួមត្រេកអរ! ព្រឹកនេះជាថ្ងៃទី២ ហើយដែលកម្ពុជាមិនមានករណីឆ្លងជម្ងឺកូវីដ១៩ថ្មី នៅក្នុងសហគមន៍ ។ គេសង្កេតឃើញថា វាមានរយៈពេល១៦ថ្ងៃហើយ ដែលព្រឹត្តិការណ៍២៨ វិច្ឆិកា បានធ្វើឱ្យប្រទេសកម្ពុជាទាំងមូល ជ្រួលច្របល់ ជាពិសេសនៅទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តនានាមួយចំនួន ដែលត្រូវបិទទ្វារអាជីវកម្មជាច្រើនកន្លែង និងឈប់ផ្អាកដោយសារតែកូវីដ-១៩ ឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត គ្មានលស់មួយថ្ងៃឡើយ ។ គួរជាទីត្រេកអរផងដែរ មកដល់ថ្ងៃទី១៣ ខែធ្នូនេះ ត្រូវបានឱ្យដឹងថា ជាថ្ងៃទី២ហើយ ដែលកម្ពុជាគ្មានករណីឆ្លងនៅក្នុងសហគមន៍នោះទេ ។ បើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា កម្ពុជាគ្មានករណីឆ្លងថ្មីនោះទេ ។ ឯព្រឹកថ្ងៃទី១៣ ខែធ្នូនេះវិញ ក្រសួងបានរកឃើញអ្នកឆ្លង២នាក់ ដែលជាអ្នកដំណើរពីក្រៅប្រទេស សរុបមក២ថ្ងៃហើយ ដែលនៅកម្ពុជាគ្មានករណីឆ្លងថ្មីក្នុងសហគមន៍ ។
នេះបានបង្ហាញពីភាពធូរស្បើយនៃការឆ្លងកូវីដ១៩ នៅកម្ពុជា ដូចនេះសូមអរគុណដល់ប្រជាពលរដ្ឋទាំងអស់ដែលព្យាយាមរក្សាសុវត្ថិភាពខ្លួនមិនឱ្យឆ្លងជម្ងឺកូវីដ-១៩ ព្រោះការការពារខ្លួនរបស់អ្នកទាំងអស់ក៏ជាផ្នែកមួយដែលបានជួយទៅដល់ប្រទេសជាតិកុំឱ្យមានចលាចលដែរ ។ សូមបងប្អូននៅតែបន្តធ្វើការការពារករណីនេះ រហូតទាល់តែក្រសួងឱ្យសញ្ញាថា កម្ពុជាយើងត្រលប់មកប្រក្រតីឡើងវិញ ៕
ដោយ ៖ នីយ៉ា