ខេត្តប៉ៃលិន ៖ គេសង្កេតឃើញ អ្នកជម្ងឺជាច្រើន កំពុងដេកលើម៉ាស៊ីនព្យាបាលជម្ងឺមួយប្រភេទ (សេរ៉ា ជេម) ដែលពួកគាត់ភាគច្រើន តែងនិយាយតៗ ក្រោយពីគ្រូពេទ្យទាមទារឱ្យពួកគាត់ វះសរសៃឆ្អឹងខ្នង និងកាត់ជើងចេញ ខណ:គាត់មានការឈឺចុកចាប់ទៅរកព្យាបាល លុះអត់មានលុយគ្រប់គ្រាន់ ក៏នាំគ្នាទៅដេកលើម៉ាស៊ីនព្យាបាលជម្ងឺនេះ ក៏ជាបន្តិចម្តងៗ រហូតដល់លែងឈឺចុក ចាប់បន្តទៀត ។


 ហេតុការណ៍ស្រ្តីមេម៉ាយពិការជើង ដាក់ម៉ាស៊ីនព្យាបាលជម្ងឺកាក់កបនេះ បានកើតឡើងកាលពីវេលាម៉ោង ៨ និង៣០នាទីព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅជាប់នឹងផ្សារសាមគ្គីហៅប៉ាហ៊ី ក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។ 


បើតាមការរៀបរាប់ពីស្រ្តីម្នាក់ ឈ្មោះ អ៊ុន មុំ អាយុ៧០ឆ្នាំ រស់នៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន មានស្រុកកំណើតរស់នៅខេត្តកំពត បានរៀបរាប់ឱ្យដឹងថា ៖ គាត់មានជម្ងឺម្យ៉ាង គឺឈឺចុកចាប់គន្លាក់ដៃគន្លាក់ជើង តាំងពីនៅពេញវ័យក្រមុំមកម្លេះ ពោលគឺកាលពីសម័យប៉ុលពតតែម្តង ដោយជំនាន់នោះ ទោះបីជា ឈឺយ៉ាងណា ក៏នៅតែធ្វើការងារដែរ ។ គាត់បន្តទៀតថា ការឈឺចុកចាប់នេះ មិនប៉ះពាល់ដល់ការហូបចុកនោះទេ គ្រាន់តែពិកក្នុងការសម្រាកពេលយប់ ហើយក្រោយមកពេលដែលគាត់រស់នៅក្នុងខេត្តកំពត គាត់បានដើរមើលតាមមន្ទីរពេទ្យនានាអស់រលីង មិនមានគ្រូពេទ្យណា អាចដឹងពីជម្ងឺរបស់គាត់ ហើយគេទាមទារឱ្យគាត់កាត់ជើងចោលទាំងពីរ តែគាត់មិនព្រម លុះរហូតដល់ឆ្នាំ២០១០ គាត់ក៏ធ្វើដំណើរមកខេត្តប៉ៃលិន ស្រាប់តែជួបប្រទះនឹងម៉ាស៊ីន(សេរ៉ា ជេម) ព្យាបាលជម្ងឺ ក៏ដេកសម្រាកសាកល្បងមើលស្រាប់តែធូរ រហូតដល់លែងឈឺ សន្លាក់ដៃសន្លាក់ជើងរហូតមកដល់សព្វថ្ងៃនេះតែម្តង ។ គាត់បញ្ជាក់ថា ទោះបីជាគាត់ទទួលបាន ការព្យាបាលពីម៉ាស៊ីនខាងលើកាលពីឆ្នាំ២០១០កន្លងទៅ តែរហូតមកដល់ពេលនេះ គាត់នៅតែដេក ដើម្បីឱ្យម៉ាស៊ីនបន្តសម្រួលសរសៃដៃជើង ខណ:ក្រោយពេលសម្រាកពីធ្វើការងារ ។ 


អ្នកជំងឺផ្សេងៗទៀត ដែលកំពុងដេកសម្រាកនៅលើម៉ាស៊ីននេះ បានឱ្យដឹងដូចៗគ្នាថា ៖ បន្ទាប់ពីនាំគ្នាទៅដេកព្យាបាលនឹងម៉ាស៊ីនស្វ័យប្រវត្តិនេះ ពិតជាធ្វើឱ្យអាការ ដែលឈឺចុកចាប់ធូរ ស្រាលជាងមុន ទោះបីជាមិនទាន់ជាសះស្បើយទាំងស្រុង ។ តែពួកគាត់នឹងព្យាយាមទៅដឹកសម្រាកឱ្យបានញឹកញាប់ ដើម្បីទទួលបានការព្យាបាល ព្រោះសង្កេតឃើញមានអ្នកឈឺជាច្រើន និយាយសរសើរថា ម៉ាស៊ីនខាងលើ បានព្យាបាលពួកគាត់មែន ។ 


ចំណែកស្រ្តី ឈ្មោះ ប៊ុត ស្រីអូន អាយុ៥៤ឆ្នាំ ជាម្ចាស់ម៉ាស៊ីនព្យាបាល (សេរ៉ាជេម) ខាងលើ រស់នៅក្បែរផ្សារសាមគ្គី ហៅប៉ាហ៊ី ក្នុងភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន បានឱ្យដឹងដែរថា ៖ ម៉ាស៊ីន របស់គាត់ជាផលិតផលមកពីប្រទេសកូរ៉េ មានចំនួន៤គ្រឿង សម្រាប់ជួលឱ្យអ៊ុប្រុស អ៊ុស្រី ពូមីង បងប្អូន ដែលមានបញ្ហាសុខភាពទៅដេកសម្រាកព្យបាល ។ គាត់បន្តទៀតថា ម៉ាស៊ីនខាងលើមានមុខងារព្យាបាលជម្ងឺដូចជា ៖ ជំងឺទឹកនោមផ្អែម ជម្ងឺលើសឈាម ស្ទះសរសៃឈាម ឈាមសស៊ីឈាមក្រហម ជំងឺស្លាប់១ចំហៀងខ្លួន ជំងឺបេះដូង ខ្លាញ់រុំបេះដូង ខ្លាញ់រុំថ្លើមរលាកថ្លើម ជំងឺក្រពះ ពោះវៀន ឈឺឆ្អឹងខ្នង ចង្កេះ ស្ពឹកដៃជើង លើសជាតិខ្លាញ់ និងអាស៊ីត ជំងឺដុំគីស ដុះដុំសាច់ ឫសដូងបាត ជំងឺគ្រួសក្នុងតំរងនោម ជំងឺប្រព័ន្ធប្រូស្តាត ជំងឺរ៉ាំរ៉ៃ គ្រប់ប្រភេទ ជំងឺដុះបន្លាឆ្អឹងខ្នង ពុកឆ្អឹង ជំងឺសន្លាក់ និងរោគស្រ្តី ។ គាត់បញ្ជាក់ថា រហូតមកដល់សព្វថ្ងៃ អ្នកដែលចូលមកដេកសម្រាកលើម៉ាស៊ីនរបស់គាត់ ច្រើនតែអ្នកដែលពេទ្យឈប់ទទួលការព្យាបាល ឬអ្នកគ្មានលទ្ធភាពព្យាបាល លុះ ដេកសម្រាកព្យាបាលប្រហែលជា៣ទៅ៤ថ្ងៃក៏ឃើញអាការ:ប្រែប្រួលពីធ្ងន់ធ្ងរមកស្រាល ក៏នាំគ្នាបន្ត ដេកសម្រាកព្យាបាលទទួលបានការសះជាបន្តបន្ទាប់ ។ គាត់បន្ថែមទៀតថា បើបងប្អូនគ្មានលទ្ធភាពព្យាបាលនៅតាមមន្ទីរពេទ្យ អាចសាកល្បងមកដេកនៅម៉ាស៊ីនរបស់គាត់ ដោយកន្លះម៉ោងបង់ ប្រាក់ត្រឹមតែ៣០០០រៀលប៉ុណ្ណោះ ៕ 



ដោយ ៖ នីយ៉ា