នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំប្រជុំពិភាក្សាអំពីការត្រៀមរៀបចំប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០១៩-២០២០ ក្នុងខេត្តកំពង់ចាម ដោយការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត លោកនាយករដ្ឋបាល លោកប្រធានមន្ទីរពាកព័ន្ធ។ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានមានប្រសាសន៍ថា៖ យោងសេចក្តីជូនដំណឹងលេខ ៨២ អយក សជណ របស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីការកំណត់ សម័យប្រឡង និងដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៩-២០២០ តាមគ្រឹះស្ថានមធ្យមសិក្សាតាមលំនាំនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ។ 



ដើម្បីធានានូវការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០១៩-២០២០ តាមផែនការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា រដ្ឋបាលខេត្ត បានចាត់ឲ្យមន្ទីរអប់រំ យុវជន និងកីឡាខេត្ត រៀបចំផែនការសកម្មភាពដោយអនុលោមតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡាក្នុងការរៀបចំ និងការប្រព្រឹត្តិទៅនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ តាមដំណាក់កាលនីយមួយៗមានជាអាទិ៍ ដំណាក់កាលសំណេរ ដំណាក់កាលកំណែ ដំណាក់កាលបូកស្រង់ពិន្ទុ និងដំណាក់កាលប្រកាសលទ្ធផល។ ជាមួយគ្នានេះ រដ្ឋបាលខេត្តនឹងចូលរួមសហការអនុវត្តតាមការណែនាំនានារបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការងារសន្តិសុខ សណ្តាប់ធ្នាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីធានាបានការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ ប្រព្រឹត្តិទៅដោយរលូន និងទទួលបានជោគជ័យតាមការគ្រោងទុក៕