ខេត្តរតនគិរី៖

រថយន្តពណ៌ត្រេអុីពាក់ស្លាកលេខខេមរភូមិន្ទមួយគ្រឿងបានបើកបរបំបុកទៅលើមន្ត្រីនគរបាលការពារគោដៅសណ្តាប់ធ្នាប់ម្នាក់ឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរខណៈដែលកំពុងបំពេញការងារឈរបញ្ជាយានយន្តគ្រប់ប្រភេទឱ្យឈប់ដើម្បីត្រួតពិនិត្យសណ្តាប់ធ្នាប់ចរាចរណ៍។ហេតុការណ៍រថយន្តពាក់ស្លាក់លេខខេមរភូមិន្ទបុកមន្រ្តីសណ្តាប់ធ្នាប់ចរាចណ៍បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរនោះបានកើកឡើងនៅវេលាម៉ោង ៥.១០នាទីព្រឹកព្រលឹមថ្ងៃទី១៦ខែធ្នូឆ្នាំ២០២០លើកំណាត់ផ្លូវជាតិលេខ៧៨ ត្រង់ចំណុចហួសផ្លូវកែងប្រមាណជាង៣០០ម៉ែត្រស្ថិតក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំខេត្តរតនគិរី។



យោងតាមប្រភពបានឱ្យដឹងថាមុនពេលកើតហេតុមន្រ្តីនគបាលដែលរងគ្រោះនោះបានបំពេញការងារឈរឃាត់រថយន្តគ្រប់ប្រភេទដើម្បីធ្វើការត្រួតពិនិត្យនោះ ស្រាប់តែឃាត់ប៉ះចំរថយន្តពណ៌ត្រេអុីពាក់ស្លាក់លេខ ខ. ម(ខេមរភូមិន្ទ)តែរថយន្តនោះមិនបានគោរពច្បាប់ចរាចរណ៍មិនបន្ថយល្បឿនឡើយគឺបើកសំដៅមកបុកយ៉ាងពេញទំហឹងតែម្តង ទៅលើមន្ត្រីនគរបាលនោះបង្កឱ្យរងរបួសយ៉ាងដំណំ។ប្រភពបន្តថា : រថយន្តបង្ករហេតុនោះម៉ាក Masada (ម៉ាសដា)ព័ណត្រេអុីពាក់ស្លាក់លេខ ខ.ម02. 2-1215 បើកបរក្នុងទិសដៅពីកើតទៅលិច(ពីខេត្តរតនគិរីទៅខេត្តស្ទឹងត្រែង)។ឯមន្ត្រីនគរបាលដែលរងគ្រោះមាន ឈ្មោះ ព្រំ ចន្ធី ភេទប្រុស អាយុ ៥៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ នគរបាលការពារសណ្តាប់ធ្នាប់។ ហើយបានរងរបួសធ្ងន់ធ្ងរត្រង់ក្បាល និងចង្កេះក៏ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗដែរ។


បន្ទាប់ពីកើតហេតុភ្លាមរថយន្តបង្ករនោះបានបន្ថែមល្បឿនបើកបររត់គេចទៅទុករថយន្តប្លុងចោលនៅភូមិស្រែបវឹក ស ស្ថិតក្នុងភូមិស្រែអង្ក្រង ឃុំត្រពាំងក្រហមស្រុកកូនមុំខេត្តរតនគិរីដោយដកសោររត់គេចខ្លួនបាត់ស្រមោលតែម្តង។ កម្លាំងនគរបាលអធិការដ្ឋាននិងកម្លាំងកងរាជអាវុធហត្ថស្រុកកូនមុំ បានដេញតាមទាន់និងស្ទូចយករថយន្តបង្កមករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកធ្វើកំណត់ហេតុចាត់ការតាមនិតិវិធីបន្តផងដែរ៕