ស្ទឹងត្រែងៈ កសិកររស់នៅក្នុងភូមិកោះខនឌិន សង្កាត់សាមគ្គី ក្រុងសឹ្ទងត្រែង ដែលប្រកបរបរដាំដំណាំប៉ិគក់មានការរីករាយសប្បាយចិត្តដោយដំណាំប៉ិគួកក្នុងឆ្នាំនេះវាឲ្យផលល្អ ហើយចំពោះទីផ្សារវិញក៏មានហាងឆេងល្អជាងឆ្នាំមុនដែរ ពិសេសនោះគឺដំណាំប៉ិគក់នេះបានជួយទ្រទ្រង់ជីវភាពគ្រួសារពួកគាត់បានល្អប្រសើរ។


កសិករប្រកបរបរដាំដំណាំប៉ិគក់ អ្នកស្រី  ឈិន លៀង បានអោយដឹងនៅរសៀលថ្ងៃទី២៩ ខែធ្នូ២០២០នេះថា គាត់ប្រកបមុខរបរដាំប៉ិគក់នេះរយៈពេលប្រមាណជាង១០ឆ្នាំមកហើយ ដោយឃើញថាប៉ិគក់នេះ វាងាយដាំផលក៏ល្អ បើទោះបីប៉ិគក់ធ្លាក់ថ្លៃថោកយ៉ាងណាក៏មានទីផ្សារទទួលទិញដែរ គ្រាន់តែថោកនិងថ្លៃតែប៉ុណ្ណោះ ។អ្នកស្រី ឈិន លៀង បន្តថា ឆ្នាំនេះតម្លៃប៉ិគក់ក្នុងមួយគីឡូក្រាមលក់បានពី៧០០រៀលទៅ១០០០រៀល។ បើប្រៀបធៀបទៅនិងឆ្នាំមុន ប៉ិគក់ក្នុងមួយគីឡូក្រាម លក់បានតែតម្លៃ៥០០ទៅ៦០០រៀលប៉ុណ្ណោះ។ប៉ិគក់ឆ្នាំនេះមានតម្លៃសរម្យដែលអាចជួយឲ្យជីវភាពក្រុមសារបានធូរធារល្អប្រសើរឡើងជាងមុន ។


អ្នកស្រីបន្ថែមទៀតថា ដើម្បីទទួលបាននិន្នផលខ្ពស់ ត្រូវការជ្រើសរើសរកពូជណាដែលល្អ ហើយទុកពូជដោយខ្លួនឯង មុននិងដាំត្រូវភ្ជួរាស់ដីពីរទៅបីដង, ហាលដីចោលមួយសប្តាហ៍ ឲ្យបានស្អាតល្អ ហើយលើកជារង ទើបដាក់គ្រាប់ដាំ រួចដាក់ជីធម្មជាតិ ជីលាមកគោ ថែទាំស្រោចទឹក ជ្រុំគល់ដកស្មៅ និងកាត់ត្រួយខ្ចីៗចោលចំនួនពីរបីដង, ដើម្បីអោយមើមវាឆាប់ធំបានល្អ ថែទាំរយៈពេលបីខែចាប់ប្រមូលផលបានហើយ  ។


ចៅសង្កាត់សាមគ្គី លោក ជា ម៉ាលី បានបញ្ចាក់ផងដែរថា ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់សាមគ្គីនេះមានប្រមាណ១.៤០០គ្រួសារ។ ហើយប្រជាពលរដ្ឋដែលប្រកបមុខរបរដាំដំណាំប៉ិកក់លក់នេះ មានចំនួន២ភូមិ គឺ ភូមិកោះខនឌិន និងភូមិខេ អ្នកប្រកបមុខរបរដាំប៉ិគក់លក់នេះប្រមាណជាង២០គ្រួសារប៉ុណ្ណោះ ។ 


លោក បានបន្តទៀតថា អ្នកភូមិភាគច្រើននិយមធ្វើស្រែ-ចិញ្ចឹមសត្វ ហើយនិងដាំដំណាំដូចជាស្វាយកែវរមៀត,ស្វាយចន្ទី,ដំឡូងមីជាដើម។លោកថាប្រជាពលរដ្ឋក្រីក្រដែលធ្លាប់តែចំណាក់ស្រុកទៅប្រ ទេសជិតខាងកន្លងទៅ បន្ទាប់ពីមានបញ្ហាជំងឺ-(COViD)-១៩ឥឡូវនេះពុំមានអ្នកចំណាកស្រុកទៀតទេ៕






ឡុង កាន់សំនៀង