រតនគិរី៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគបាលអធិការដ្ឋានស្រុកអូរយ៉ាដាវធ្វើការឃាត់ខ្លួនពីបទអំពើហឹង្សារដោយចេតនាមានស្ថានទម្ងន់ទោសកាប់នឹងកាំបិតផ្គាក់ទៅលើជនរងគ្រោះបណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរត្រង់ក្បាល។ ករណីហឹង្សារនោះបានកើតឡើងនៅវេលាម៉ោង២០ នឹង៣០នាទី ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះកម្មករស្នាក់នៅក្នុងចំការកៅស៊ូ ស្ថិតក្នុងភូមិតាកុកច្រាយ ឃុំបរខាំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។ ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួន ឈ្មោះ សាក់ ឈឿង ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបកម្មករជៀជ័រកៅស៊ូ មានស្រុកកំណើត ភូមិ ឃុំ ស្រុកវាលវែង ខេត្តពោធិសាត់ ហើយបានមកស្នាក់នៅភូមិឃុំកើតហេតុខាងលើ។ ជនរងគ្រោះឈ្មោះ សុខ ទូច ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករជៀជ័រកៅស៊ូ ស្រុកកំណើតភូមិប្រឹក្សាទី ១ ឃុំស្មោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង ស្នាក់នៅចំការកៅស៊ូ ភូមិឃុំ កើតហេតុខាងលើ។ ប្រភពបន្តថាជនរងគ្រោះបានរងរបួស ចំក្បាលលើត្រចៀកខាងឆ្វេងយ៉ាងធ្ងន់ធ្ងរក៏បានបញ្ជូនទៅព្យាបាលបន្ទាន់ភ្លាមៗនៅមណ្ឌលសុខភាពស្រុកបរកែវផងដែរ។ មូលហេតុដែលឈានដល់បង្ករអំពើហឹង្សារនោះគឺរស់នៅជិតគ្នាទំនាស់ពាក្យសំដី នៅក្នុងចំការ។