ខេត្តប៉ៃលិន ៖ ដោយមានការសង្ស័យថា ឈ្មួញម្នាក់ យកគ្រឿងចក្រទៅជីកកកាយដីភ្នំមួយកន្លែង អត់មានច្បាប់ទម្លាប់ត្រឹមត្រូវ ទើបព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន បញ្ជាឱ្យសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តប៉ៃលិន ដឹកនាំកម្លាំង រឹបអូសយករថយន្តដឹកដីចំនួន៤គ្រឿង ទៅរក្សាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ខណ:គ្រឿងចក្រអេស្កាវ៉ាទ័ររក្សាទុកនៅក្បែរកន្លែងជីកកកាយដីភ្នំ ។ 


 ហេតុការណ៍ចុះបង្ក្រាបករណីសង្ស័យគ្រឿងចក្រសង្ស័យអត់មានច្បាប់នេះ បានធ្វើឡើងកាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅចំណុចជើងភ្នំ ក្បែរជំនោរកំពូលភ្នំ ជាដីរបស់លោក សៀវ សុផល ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ 

  ប្រភពព័ត៌មានបានឱ្យដឹងថា ម្ចាស់គ្រឿងចក្រ មាន ឈ្មោះ តាម៉ាប់ ភេទប្រុស អាយុ៥២ឆ្នាំ ស្នាក់នៅក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដោយត្រូវបានកងរាជអាវុធហត្ថខេត្តប៉ៃលិន ស្ថិតក្រោមការបញ្ជារបស់លោក គង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ចុះទៅធ្វើការរឹបអូសយករថយន្តដឹកដីចំនួន៤គ្រឿង ក្នុងនោះរថយន្តចង្កូតស្តាំចំនួន២គ្រឿង ដោយឡែកគ្រឿងចក្ររក្សាទុក នៅក្បែរកន្លែងដដែល ខណ:ត្រូវបានគេអន្តរាគមន៍បម្រុងដោះលែងត្រឡប់ទៅវិញ ។ 


  ប្រភពបន្តទៀតថា រហូតមកដល់រសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ នេះ រថយន្តទាំង៤គ្រឿង ត្រូវគេរក្សាទុកនៅក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តនៅឡើយទេ រីឯម្ចាស់គ្រឿងចក្រអះអាងថា ខ្លួនមានច្បាប់អស់រលីងហើយ ថែមទាំងមុននឹងជីកកកាយដីខាងលើ ក៏បានសុំច្បាប់ទៅគ្រប់ស្ថាប័នអស់ ដែរ ។ 

  ពាក់ព័ន្ធនឹងបញ្ហានេះ លោក គង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន បានឱ្យ ភ្នាក់ងារយើងដឹងថា ៖ គ្រឿងចក្រ១គ្រឿង និងរថយន្ត៤គ្រឿងខាងលើ សង្ស័យតែអត់មានច្បាប់ត្រឹមត្រូវ ខណ:ពេលកំពុងធ្វើអាជីវកម្មជីកកកាយដីភ្នំដឹកលក់ ។ លោកបន្តទៀតថា បើទោះបីជាម្ចាស់គ្រឿង ចក្រខាងលើ បានអះអាងថា មានច្បាប់ទម្លាប់ត្រឹមត្រូវក៏ដោយ តែអត់យកមកឱ្យខាងលោកពិនិត្យមើលច្បាប់នោះទេ ។ ដូច្នេះ ខាងលោកនឹងដាក់កិច្ចការនេះ ឱ្យទៅខាងរដ្ឋបាលព្រៃឈើជាអ្នករៀបចំសំនុំរឿង បើសិនជាមានការសម្របសម្រួល ឬអន្តរាគមន៍ពីខាងណាមួយនៅក្នុងខេត្ត ខាងលោកនឹងរៀបចំសំនុំរឿងបញ្ជូនទៅក្រសួងបន្តទៀត ។ 


  បើតាមសម្តីលោក អោម វីរ: នាយខណ្ឌរដ្ឋបាលព្រៃឈើប៉ៃលិន បានឱ្យដឹងកាលពីរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ នេះដែរថា ៖ រហូតមកដល់ពេលនេះ ខាងខេត្ត ហើយនឹងខាងព្រះរាជអាជ្ញាបានសម្របសម្រួលត្រូវរ៉ូវគ្នាអស់ហើយ ក៏ឱ្យម្ចាស់យកគ្រឿងចក្រ និងរថយន្ត ត្រឡប់ទៅផ្ទះវិញដែរ ។ លោកបញ្ជាក់ថា ចំពោះដីភ្នំខាងលើ ជាគម្របព្រៃឈើនៅឡើយទេ មិនទាន់មានការប្រគល់ឱ្យធ្វើអាជីវកម្មនៅឡើយដែរ លុះត្រាតែមានសេចក្តីសម្រេចពីខាងលើ ទើបអាចឈូសឆាយ សាងសង់ផ្ទះ ឬរៀបចំធ្វើអ្វីផ្សេងៗទៀត ។ តែទោះបីជាយ៉ាងណា ដីភ្នំភាគច្រើននៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ គឺមានប្លង់រឹង ឬប្លង់កម្មសិទ្ធិកាន់កាប់ស្ទើរគ្រប់គ្នាអស់ទៅហើយដែរ ៕ 



ដោយ ៖ នីយ៉ា