ខេត្តពោធិ៍សាត់ ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច អធិការដ្ឋាននគរបាលស្រុកបាកាន ប៉ុស្តិ៍នគរបាលរដ្ឋបាលមេទឹក ទទួលបទបញ្ជាលោក ឧត្ដមសេនីយ៍ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ រួមសហការមន្រ្តីរដ្ឋបាលជលផល យោធា និងលោកមេភូមិ ចុះបង្រ្កាបបទល្មើសនេសាទខុសសស្ដីពីជលផល ប្រភេទឧបករណ៍របាំងសាច់អួន ។ករណីសមត្ថកិច្ចសហការចុះបង្រ្កាបបទល្មើសនេសាទខាងលើ ធ្វើឡើងនាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ នៅលើផ្ទៃទឹកបឹងទន្លេសាប ត្រង់ចំណុចព្រែកកន្រ្កោស កោះអង្គុំខ្សាច់ ទឹកពុះ ព្រែកកី កោះកប៉ាល់ បឹងក្រសារ និងបឹងកន្សោមពោ ស្ថិតនៅភូមិដីរនាត និងភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
នគរបាលស្រុកបាកានបានឲ្យដឹងថា លទ្ធផលៈ កម្លាំងអនុវត្តបានរបាំងសាច់អួន(បរ)ចំនួន១២ខ្សែ ស្មើនឹងប្រវែងចំនួន៥,៧៥០ម៉ែត្រ ក្បាលបរចំនួន២៤គ្រឿង បង្គោលចំរឹងចំនួន៩,៥០០ដើម និងចាក់លែងត្រីចំរុះចូលបឹងធម្មជាតិ(ទន្លេសាប)ចំនួន២៧៥គីឡូក្រាមផងដែរ ចំណែកឧបករណ៍ជាវត្ថុតាងដុតកម្ទេចចោលនៅនឹងកន្លែង ៕