ខេត្តប៉ៃលិន ៖ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន បានដឹកនាំបញ្ជាលោកវរសេនីយ៍ឯក យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន និងលោកវរសេនីយ៍ត្រី សេង ចិន្តា អធិការរងទទួលបន្ទុកផ្នែកប្រឆាំងគ្រឿងញៀន ដោយសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បរយ៉ាខា ចុះបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនខុសច្បាប់ចាប់បានទាំងសម្បុកតែម្តង ។



ហេតុការណ៍ចុះបង្ក្រាបនេះ បានធ្វើឡើងកាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចក្បែរស្ពានថ្ម ( ស្ពានតារស់) ស្ថិតក្នុងភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។



ប្រភពព័ត៍មានបានឱ្យដឹងថា ៖ លោកស្នងការបានដឹកនាំកម្លាំងនគរបាលជំនាញចុះឃាត់ខ្លួនជនសង្ស័យនេះ គឺចាប់បានជនសង្ស័យប្រុសស្រីសរុបចំនួន០៤នាក់ ក្នុងនោះស្រី០១នាក់ ដកហូតសម្ភារៈវត្ថុតាងរួមមាន ៖

១- ម្សៅក្រាមសថ្លាសង្ស័យជាម៉ាទឹកកកសរុបចំនួន១៩កញ្ចប់តូច

២- កាំបិតវែងចំនួន០៤ដើម

៣- ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១គ្រឿង

៤- ដែកកេះចំនួន០៩ដើម

៥- ម្សៅរំសេវផ្ទុះចំនួន១ដប

៦- ថង់ប្លាស្ទិកសម្រាប់វេចខ្ចប់ចំនួន០១ដុំ

៧- ទូរស័ព្ទដៃចំនួន០២គ្រឿង ។



ប្រភពបន្តថា បច្ចុប្បន្នផ្នែកប្រឆាំងគ្រឿងញៀនបាននាំខ្លួនសង្ស័យ រួមទាំងវត្ថុតាងខាងលើ មកកាន់អធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីកសាងសុំណុំរឿង ចាត់ការតាមនីតិវិធី ៕ 




ដោយ ៖ នីយ៉ា