ខេត្តកំពង់ឆ្នាំង ៖ អាជ្ញាធរខេត្តកំពង់ឆ្នាំងដឹកនាំដោយឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង នៅតែបន្តការសហការជាមួយនិងមន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរក្រុងកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០នេះ បានចុះបាញ់ថ្នាំសម្លាប់មេរោគនៅផ្សារលើនិងបានធ្វើការអប់រំផ្សព្វផ្សាយណែនាំ អំពីវិធានការការពារ ជំងឺកូវិដ១៩ដល់ប្រជាពលរដ្ឋសូម ឲ្យចូលរួមទប់ស្កាត់ទាំងអស់គ្នា នូវមេរោគដ៍កាចសាហាវមួយនេះផងដែរ។
នៅក្នុងឱកាសនោះអភិបាលរងខេត្តកំពង់ឆ្នាំង លោកអម សុភា បានប្រាប់ឲ្យដឹងថា ដើម្បីឲ្យការអនុវត្តន៍នូវវិធានការណ៍នានា របស់រាជរដ្ឋាភិបាល និង អាជ្ញាខេត្តអោយមានប្រសិទ្ធិភាព ក្នុងការទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីដ១៩នោះ គឺទាល់តែយើងទាំងអស់គ្នាចូលរួមឲ្យបានសកម្មបំផុត ដោយយកវិធានការណ៍អនាម័យអនុវត្តជាប្រចាំ ក្នុងកិច្ចការរស់នៅប្រចាំថ្ងៃ ដូចជាលាងដៃនិងសាប៊ូ អាល់កុល បានញឹកញាប់ ពាក់ម៉ាស់ និងត្រូវអនុវត្តនូវគម្លាតសុវត្ថិភាព បើសិនជាមិនចាំបាច់ ពុំត្រូវចេញទៅក្រៅនោះដែរ ។
លោក អម សុភា បានមានប្រសាសន៍ទៀតថា យើងមិនត្រូវភ្លេចខ្លួននោះទេ ហើយជាពិសេសយើងត្រូវប្រុងប្រយ័ត្ន និងចូលរួមអនុវត្តវិធានអនាម័យនិងវិធានការរបស់ក្រសួងសុខាភិបាលឲ្យបានទ្វេរដងបន្ថែមទៀត ដើម្បីសុវត្ថិភាពយើងទាំងអស់គ្នាក៍ដូចជាសហគមន៍យើងផងដែរ ៕
ដោយសុក្ខារិន