ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលមានមុខរបរដាំ ដំណាំទំពាំងបារាំង កំពុងតែព្រួយបារម្ភយ៉ាងខ្លាំងអំពីបញ្ហាជីវភាពប្រចាំថ្ងៃ នៅពេលដែលសង្កេតឃើញដំណាំរបស់ពួកខ្លួនទទួលរងការកើតនូវមេរោគ គឺជំងឺងាប់ដើម បណ្ដាលឲ្យខូចខាតអស់ជាច្រើនដើម ។ បើតាមការរៀបរាប់ពីបុរសម្នាក់ ឈ្មោះ ជួន ទី អាយុ28ឆ្នាំ ជាកសិករ រស់នៅភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានរៀបរាប់ឲ្យដឹងនៅព្រឹកថ្ងៃទី 23 ខែធ្នូ ឆ្នាំ2020 ឲ្យដឹងថា ៖ គាត់បានប្រកបមុខរបរដាំ ដំណាំទំពាំងបារាំងនេះអស់រយៈពេលជិត10ឆ្នាំមកហើយ ដោយចាប់តាំងពីដើមរហូតមកដល់ពេលនេះ គឺដំណាំរបស់គាត់គ្មានបញ្ហាអ្វីកើតឡើងឡើយ ទើបតែនៅឆ្នាំចុង2020 នេះដោយសារតែអាកាសធាតុមានការប្រែប្រួល ដោយភ្លៀងច្រើន ស្រាប់តែដំណាំទំពាំងបារាំងរបស់គាត់ មានការងាប់ដើម ចាប់តាំងពីស្លឹករហូតទៅដល់ឫស ខូចខាតជាបន្តបន្ទាប់ពីមួយដើមទៅមួយដើមឆ្លងគ្នា ទោះបីជាគាត់ខិតខំប្រឹង រកវិធីដើម្បីព្យាបាល ដូចជារកថ្នាំបាញ់ ដាក់ជី តែគ្មានបានទទួលល្អនោះឡើយ ។


ប្រភពបន្តទៀតថា គាត់បានដាំទំពាំង បារាំងនេះ ចំនួនជាង1ម៉ឺនដើម ដោយប្រមូលផលក្នុងមួយថ្ងៃ លក់បាន10 ទៅ 20 គីឡូក្រាម ដោយក្នុងមួយគីឡូ លក់ដុំឲ្យម៉ូយតម្លៃ14000រៀល ដោយមានម៉ូយមកពីខេត្តផ្សេងៗ ដូចជា សៀមរាបបាត់ដំបង រហូតដល់រាជធានីភ្នំពេញផងដែរ ។ លោកក៏បានរៀបរាប់អំពីវិធីដាំផងដែរ ដោយទិញគ្រាប់មកពីប្រទេសថៃក្នុងមួយខាំ តម្លៃ10ម៉ឺនរៀល ។ គាត់ក៍បានដាក់ថង់បណ្ដុះគ្រាប់ ដោយ1គ្រាប់មួយថង់ ក្នុងរយៈពេល 2ខែ ទើបដុះ ហើយក៏យកទៅដាំ រយៈពេល6ខែទៀត ទើបបានប្រមូលផលដកលក់ឱ្យម៉ូយ ។ ជាមួយគ្នាដែរ កាលពីព្រឹកថ្ងៃទី23 ខែធ្នូ ឆ្នាំ 2020 នេះ លោកក៏បានរាយការណ៍ទៅខាងមន្ទីរកសិកម្មខេត្តប៉ៃលិន ឲ្យចុះទៅត្រួតពិនិត្យមើលដំណាំរបស់ខ្លួន ដោយខាងបច្ចេកទេស គេបានពិនិត្យមើលរួចរាលើហើយ និងមានជីឲ្យសាកល្បង ដើម្បីព្យាបាលដំណាំរបស់ខ្លួនផងដែរ ។ លោកពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះជីវភាពប្រចាំថ្ងៃ ខណៈដំណាំទំពាំងបារាំងរបស់ខ្លួនលែងទទួលបានផលដូចកាលពីមុន ដោយសារតែជំងឺវាយលុកពេញចម្ការតែម្ដង ។ មិនថា តែចម្ការរបស់លោកប៉ុណ្ណោះទេ សូម្បីតែចំការអ្នកភូមិក្រចាប់ទាំងមូលដែលដាំទំពាំងបារាំង ក៏ទទួលរងនូវការខូចខាតដោយសារជំងឺនេះផងដែរ ។


លោកអំពាវនាវដល់មន្ត្រីជំនាញក៏ដូចជាខាងមន្ទីរកសិកម្ម ឲ្យចុះទៅពិនិត្យមើលដំណាំទំពាំងបារាំងរបស់ប្រជាពលរដ្ឋទាំងអស់នៅក្នុងភូមិរបស់ខ្លួន ដែលកំពុងតែទទួលរងការខូចខាតផងដែរ ។ចំណែកលោក សាយ សុផាត ប៉ៃលិន បានរៀបរាប់ឲ្យដឹងកាលពីរសៀលថ្ងៃទី 23 ខែធ្នូ ឆ្នាំ2020 ថា ៖ លោកបានឲ្យក្រុមការងារចុះទៅត្រួតពិនិត្យចំការខាងលើរួចរាល់កាលពីព្រឹកនេះហើយ ដោយមានការខូចខាតពិតប្រាកដមែន។ លោកបានបន្តទៀតថាការខូចខាតនេះគឺដោយសារតែប្រជាពលរដ្ឋដាំដំណាំនៅលើដីដដែលៗ រយៈពេលយូរ អាមួយអាកាសធាតុមិនអំណោយផលដោយសារភ្លៀងធ្លាក់ច្រើន ទើបបណ្ដាលឲ្យមានការកើតរោគខូចខាតបែបនេះ ។ តែមិនបានខូចខាតទាំងអស់នោះទេ គឺខូចតែមួយចំនួនប៉ុណ្ណោះ ហើយខាងមន្ទីរកសិកម្មកំពុងតែឱ្យជំនាញ ក៏ដូចជាអ្នកលក់ផលិតផល និងថ្នាំព្យាបាលចុះទៅជួយផងដែរ ៕