ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋ ដែលនិយមលេងក្នុងបណ្តាញសង្គមហ្វេសប៊ុក មានការបង្ហោះសារ និងអបអរសាទរចំពោះ ឯកឧត្តម សៅ សារ៉ាត់ ជាអតីត ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន ត្រូវបានផ្ទេរទៅជាអ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន ជំនួសលោកជំទាវបណ្ឌិត បាន ស្រីមុំ ដែលទើបនឹងប្រកាសឡើងកាន់តំណែងកាលពីពេលថ្មីៗ ជាអភិបាលខេត្តប៉ៃលិន ។ 


  ប្រភពព័ត៌មានបានឱ្យដឹងថា ៖ បើយោងតាមសេចក្តីជូនដំណឹងចេញពីអគ្គលេខាធិការដ្ឋាន រដ្ឋសភា លេខ១០៨២/២០ អរសស.ផ.ណ.នីតិ ចុះថ្ងៃព្រហស្បតិ៍ ១០កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ធ្វើនៅរាជធានីភ្នំពេញថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ចុះហត្ថលេខាដោយឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការ បានចេញសេចក្តីជូនដំណឹងថា ៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា មានកិត្តិ យស សូមជម្រាបជូន សាធារណជនជ្រាបថា នៅថ្ងៃអង្គារ ១៥កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៨:០០នាទីព្រឹក រដ្ឋសភានៃព្រះរាជាណាចក្រ កម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា តាមរបៀបវរ:ដូចតទៅ ៖ 

  ទី១. ការសម្រេចអំពីសុពលភាពនៃអណត្តិ ៖ 

-  ឯកឧត្តម លី សុគ្រី ជាតំណាងរាស្រ្តមណ្ឌល ខេត្តតាកែវ 

-  ឯកឧត្តម សៅ សារ៉ាត់ ជាតំណាងរាស្រ្តមណ្ឌល ខេត្តប៉ៃលិន 

ទី២. ការបោះឆ្នោតជ្រើសតាំង ៖ 

-  ឯកឧត្តម ខៀវ ភារិទ្ធ ជាសមាជិកគណ:កម្មការអប់រំ យុវជន កីឡា ធម្មការ និងកិច្ចការ សាសនា វប្បធម៌ និងទេសចរណ៍ 

-  លោកជំទាវ នូ សុវណ្ណនី ជាសមាជិកគណ:កម្មការ សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្មរ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។ 

សូមបញ្ជាក់ថា ៖ ឯកឧត្តម ផាន់ ចាន់ធុល ត្រូវបានផ្ទេរតំណែងពីអភិបាលខេត្តប៉ៃលិន ទៅបំពេញភារកិច្ចនៅទីស្តីការក្រសួងមហាផ្ទៃ លោកជំទាវ បាន ស្រីមុំ ផ្ទេរពីអ្នកតំណាង រាស្រ្តមណ្ឌលប៉ៃលិន ទៅជាអភិបាលខេត្តប៉ៃលិន ។ ចំណែកឯកឧត្តម សៅ សារ៉ាត់ ត្រូវបានផ្ទេរពីប្រធានក្រុមប្រឹក្សាខេត្ត ទៅជាអ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ៕ 



ដោយ ៖ នាក់ ង៉យ