ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋ១គ្រួសារ បានសម្តែងនូវការសប្បាយរីករាយយ៉ាងខ្លាំង ខណ:កសិដ្ឋានចិញ្ចឹមទាកាប៉ា និងសត្វមាន់ស្រែនៅក្នុងចម្ការមួយកន្លែង ទទួលបានជោគជ័យ ពោលគឺចាប់លក់រាល់ថ្ងៃ ដោយក្នុង១ខែៗ ទទួលបានថវិកា ចាប់ពី៣ទៅ៤លានរៀន ។ បើទោះបីជាបញ្ហាកូវីដ-១៩ រំខានដល់អាជីវកម្ម និងមុខរបរប្រជាពលរដ្ឋមួយចំនួន ក៏ការចិញ្ចឹមសត្វរបស់គាត់ គ្មានបញ្ហាអ្វីនោះដែរ ពោលគឺមានដំណើរការទៅមុខយ៉ាងរលូនតែម្តង ។ ណាមួយដីចម្ការដែលគាត់ចិញ្ចឹមគឺធំ ល្ងឹងល្ងើយ ស្រឡះល្អ មានទឹកគ្រប់គ្រាន់ នៅដាច់ដោយឡែកពីអ្នកភូមិដទៃ ។ ជាក់ស្តែងកាលពីវេលាម៉ោង ៩ និង៣០នាទីព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ មានកសិករម្នាក់ ឈ្មោះ គឹម សុគន្ធា ភេទស្រី អាយុ៤០ឆ្នាំ ប្តី ឈ្មោះ ហឿង សុគា រស់នៅក្នុងភូមិអូរខ្ទឹង សង្កាត់ អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយបានចិញ្ចឹមសត្វទាកាប៉ាជាង១០០០ក្បាល និងមាន់ស្រែជាង១០០០ក្បាល ព្រមទាំងមានមាន់សាច់ខ្មៅ ឆ្អឹងខ្មៅ នៅលើដីចម្ការតាង៉ែន ហៅមៀនប៉ៃលិន របស់បងប្អូន ដែលខ្លួនកំពុងមើលថែទាំផងដែរ ។ 




បើតាមការរៀបរាប់របស់ស្រ្តី ឈ្មោះ គឹម សុគន្ធា កាលពីព្រឹកថ្ងៃដដែលបានឱ្យដឹងថា ៖ គាត់ហើយនឹងប្តី បានទៅដេកចាំមើលថែចម្ការឱ្យបងប្អូននៅក្នុងភូមិខាងលើ ហើយក៏រកវិធី ដើម្បីឱ្យជីវភា ពប្រសើរជាងមុន ទើបពេលបើកបានប្រាក់ឈ្នួលពីម្ចាស់ចម្ការកាលពីឆ្នាំ២០១៩ ក៏យកទៅទិញពូជទាកាប៉ា និងពូជមាន់ស្រែដាក់ចិញ្ចឹមតែម្តង ។ គាត់បន្តទៀតថា មុនដំបូង គាត់ចិញ្ចឹមទាកាប៉ាត្រឹមតែ១២ក្បាលប៉ុណ្ណោះ ហើយនឹងមាន់ស្រែតិចតួច លុះយូរៗ ទៅ ក៏ចេះតែកើតកូនច្រើនឡើងៗ ជាបន្តបន្ទាប់រហូតមកដល់ឆ្នាំ២០២០នេះ លក់បានថវិកាសម្រាប់សងបំណុលគេ និងទុកសម្រាប់ផ្គត់ផ្គង់ជីវភាពផងដែរ ។ ចំពោះសត្វទាកាប៉ា ១ក្បាល គាត់លក់ក្នុងតម្លៃ១២០០០រៀលទៅ១៣០០០រៀល (១ក្បាលមានទម្ងន់ ២.៥ទៅ៣គីឡូក្រាម) បើលក់រាយក្នុងភូមិបាន១គីឡូគ្រាម តម្លៃ១៥០០០រៀល ។ ចំណែកមាន់ស្រែវិញ គាត់លក់ក្នុង១ក្បាល តម្លៃ១៧០០០រៀល ទៅ១៨០០០រៀល ដោយក្នុង១ខែ គឺលក់អស់ជាច្រើនក្បាលជាហូរហែ គិតជាទឹកប្រាក់ប្រហែល ៣ទៅ៤លានរៀល ដែលធ្វើឱ្យជីវភាពគ្រួសាររបស់គាត់ កាន់តែធូរធា បន្តិចម្តងៗ អាចឱ្យហូបចុកគ្រប់គ្រាន់ ឱ្យកូនរៀនសូត្រចេះដឹងនឹងគេ ទោះបីជាជម្ងឺកូវីដ១៩ កំពុងកើតឡើងក៏គ្មានបញ្ហានោះដែរ ។ ចំពោះការចិញ្ចឹមសត្វទាកាប៉ា និងមាន់ស្រែទាំងនេះ រហូតមកដល់ពេលឥឡូវ គឺទាកាប៉ាកើនឡើងជាង១០០០ក្បាល និងមាន់ស្រែក៏ជិត១០០០ក្បាលដែរ ។ ស្រ្តីខាងលើរៀបរាប់ទាំងទឹកញញឹមញញែមបន្តទៀតថា គាត់ក៏បានចិញ្ចឹមសត្វមាន់សាច់ខ្មៅ ឆ្អឹងខ្មៅ ជាច្រើនក្បាលផងដែរ ដោយយកពូជមកពីខេត្តបន្ទាយមានជ័យ ហើយមាន់មេ សាច់ខ្មៅ១ក្បាល ទម្ងន់ជាង១គីឡូក្រាម អាចលក់បានក្នុងតម្លៃ៥ម៉ឺនរៀល និងមាន់ឈ្មោលសាច់ខ្មៅ១ក្បាលលក់បានតម្លៃ១០ម៉ឺនរៀល រីឯកូនមាន់សាច់ខ្មៅតូចៗ ១ក្បាល លក់តម្លៃក្នុង១ក្បាលលក់បានថ្លៃ៨០០០រៀល ។ ព្រោះសាច់មាន់ប្រភេទសាច់ខ្មៅ ឆ្អឹងខ្មៅនេះ មានរសជាតិឆ្ងាញ់ ហើយត្រូវថ្នាំព្យា បាលរោគថែមទៀត ។ គាត់បញ្ជាក់ទៀតថា ការចិញ្ចឹមមាត់ ទា នៅក្នុងចម្ការនេះ គឺដីធំស្រឡះល្អ អត់សូវមានជម្ងឺ ទោះបីជា ឈឺតិចតួច តែគាត់មានវិធីក្នុងការព្យាបាល និងចាប់មាន់ដែលមានជម្ងឺចេញពីគេ ។ ចំណែកសត្វទា គឺងាយស្រួលចិញ្ចឹម ហើយលក់ឱ្យម៉ូយចូលទៅទិញជារៀងរាល់ថ្ងៃ ហើយជួនកាលមានបងប្អូនមកពី ជិតឆ្ងាយចូលទៅលេង ក៏កាប់ទទួលភ្ញៀវធ្វើម្ហូបអាហារមិនខ្វះនោះឡើយ ។ គាត់ក៏មិនភ្លេចនឹងពង្រីកកសិដ្ឋានមួយនេះដែរនៅថ្ងៃខាងមុខ មិនត្រឹមតែចិញ្ចឹមទាកាប៉ា មាន់ស្រែ និងមាន់សាច់ខ្មៅ ឆ្អឹងខ្មៅ ប៉ុណ្ណោះទេ គាត់នឹងរៀបចំចិញ្ចឹមសត្វក្ងានថែមទៀត ព្រោះធំ លក់បានថ្លៃ ពោលគឺ១ក្បាល អាចលក់បានចាប់ពី៧ទៅ១០ម៉ឺនរៀលឯណោះ ៕