ខេត្តរតនគិរី៖ នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ អាជ្ញាធរខេត្តរតនគិរី មានមន្ទីរសុខាភិបាល,មន្ទីរទេសចរណ៍,មន្ទីរព័ត៌មាន,នគរបាលទេសចរណ៍,និងសាលាក្រុងបានលុង ដឹកនាំដោយ លោក ជំទាវ ញាន ទិត្យចិន្តា អភិបាលរងខេត្តរតនគិរី បានបន្តចុះណែនាំដល់អាជីវករអ្នកលក់ដូរសម្ភារ: និងចំណីអាហារនៅតាម ភោជនីដ្ឋាន អាហារដ្ឋាននានា ក្នុងក្រុងបានលុង ឱ្យអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួន ដោយក្នុងទីកន្លែងនីមួយៗ ត្រូវពាក់ម៉ាស់ ព្រមទាំងលាងដៃនឹងអាកុល ជែល និងសាប៊ូ ទាំងអ្នកលក់ និងអ្នកទិញ ដើម្បីសម្លាប់មេរោគ និងរក្សាគម្លាតសុវត្ថិភាពឱ្យបានត្រឹមត្រូវជាប្រចាំ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩។
លោកជំទាវ ញាន ទិត្យចិន្តា មានប្រសាសន៍ថា ដើម្បីឆ្លើយតបនិងព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា ក៏ដូចជាអនុសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្តីពីការចាត់វិធានការយ៉ាងមុឺងម៉ាត់ ក្នុងការការពារ បង្ការទប់ស្កាត់ ប្រយុទ្ធប្រឆាំង ការរីករាលដាលជំងឺកូវីដ-១៩ ដែលកំពុងមានរលកទី២ នៃការឆ្លងចូលសហគមន៍នាពេលបច្ចុប្បន្ននេះ រដ្ឋបាលខេត្តក្រោមការដឹកនាំរបស់ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បានដាក់បទបញ្ជាអោយ រដ្ឋបាលក្រុង ស្រុក ទាំង៩ នៅទូទាំងខេត្ត បើកយុទ្ធនាការទ្រង់ទ្រាយធំដោយប្រើមធ្យោបាយចុះអប់រំផ្សព្វផ្សាយអំពីការប្រយុទ្ធប្រឆាំង និងការរីករាលដាលជំងឺកូវីដ-១៩។
ដោយឡែកថ្ងៃនេះលោកជំទាវ អភិបាលរងខេត្ត បានដឹកនាំក្រុមការងារចម្រុះចុះតាមហាងភោជនីដ្ឋាន និងអាហាររដ្ឋានក្នុងក្រុងបានលុងធ្វើការចែកខិតប័ណ្ណអប់រំផ្សេងៗ និងសំណូមពរដល់បងប្អូន អាជីវករ និងអ្នកទិញព្រមទាំងប្រជាពលរដ្ឋទាំងអស់ មេត្តាកុំភ្លេចនូវ ៣ចំណុច សាមញ្ញៗ គឺ
១- កុំភ្លេចវិធានការពារពាក់ម៉ាស ឬក្រម៉ា
២- កុំភ្លេចលាងដៃ ដោយជែល អាកុល និងសាប៊ូ
៣- កុំភ្លេច រក្សាគម្លាតសុវត្ថិភាព និងចៀសវាងការជួបជុំលក្ខណៈទ្រង់ទ្រាយធំ។
លោកជំទាវ បានសង្កត់ធ្ងន់ថាប្រសិនបើម្ចាស់ហាង ភោជនីដ្ឋាន ឬ អាហារដ្ឋានណាមិនអនុវត្តតាមការណែនាំ ប្រតិបត្តិអោយបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលទេ អាជ្ញាធរខេត្តនឹងចាត់វិធានការក្តៅ បិទហាង ឬ ទីតាំងនោះ ជាបណ្តោះអាសន្ន។
លោកជំទាវបន្តថា អាជ្ញាធរខេត្តនឹងសង្ឃឹមយ៉ាងមុតមាំថា ទាំងអ្នកលក់ អ្នកទិញ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមសហការគ្នាទប់ស្កាត់ជំងឺដ៏កាចសាហាវនេះដោយអនុវត្តតាមវិធានការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីសេចក្តីសុខក្នុងសហគមន៍យើងទាំងអស់គ្នា៕
(ផង់វិន)