ខេត្តប៉ៃលិន ៖ រហូតមកដល់ព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ គេសង្កេតឃើញរមណីយដ្ឋានមួយកន្លែងមាន ឈ្មោះ «ម្លប់សាវម៉ាវ» ដែលមានទីតាំងនៅជាប់នឹងបណ្តោយដងស្ទឹងបរយ៉ាខា ក្នុងភូមិបរហ៊ុយត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន កំពុងតែបង្ហាញនូវភាពទាក់ទាញភ្ញៀវទេសចរណ៍ កាន់តែខ្លាំ ងឡើងៗ បើទោះបីជាមានករណីកើតជម្ងឺកូវីដ១៩ ឡើងវិញក៏ដោយ ។ តែម្ចាស់រមណីយដ្ឋានមួយនេះ ហាក់ដូចជាមិនអស់សង្ឃឹម ដោយអង្គុយសង្ខំស្ងៀមនោះឡើយ គឺខិតខំប្រឹងប្រែងរៀបចំតុបតែង កែច្នៃ និងអភិវឌ្ឍកន្លែងរបស់ខ្លួនពីមួយថ្ងៃទៅមួយថ្ងៃ ឱ្យកាន់តែទាក់ទាញ និងចាប់អារម្មណ៍ទៅដោយម្លប់សាវម៉ាវ និងដំណាំហូបផ្លែផ្សេងៗ មួយចំនួនទៀត ។
បើតាមការរៀបរាប់ពីស្រ្តីម្នាក់ ឈ្មោះ ចាន់ ហឿន អាយុ៥០ឆ្នាំ ប្តី ឈ្មោះ ញ៉ាវ សុគន្ធ រស់នៅភូមិខាងលើ បានរៀបរាប់ឱ្យដឹងថា ៖ មូលហេតុ ដែលគាត់ និងប្តីបានដាក់ឈ្មោះថា ជារមណីយដ្ឋាន «ម្លប់សាវម៉ាវ» គឺដោយសារនៅលើផ្ទៃដីចម្ការប្រមាណជាង៦ហិកតា នៅជាប់នឹងមាត់ស្ទឹងបរយ៉ាខា ដែលមានទឹកហូរគ្រឿនៗខួបប្រាំង ខួបវស្សា គឺគាត់បានដាំ ដំណាំហូបផ្លែជាច្រើនប្រភេទដូចជា ៖ ដើមតាង៉ែន ហៅមៀនប៉ៃលិន ចំនួន៧០០ដើម ទុរ៉េន ជិត១០០ដើម បានប្រមូលផលចំនួនជាង៣០ដើម ដើមភ្ញៀវ ដើមកំពីងរាជ ដើមកាឡុងកុង ជាពិសេសគឺដើមសាវម៉ាវ ប្រហែល១០០ដើម ដែលទទួលបានផលជារៀងរាល់ឆ្នាំ ហើយមានរសជាតិផ្អែមឆ្ងាញ់ ។ គាត់បញ្ជាក់ទៀតថា មូលហេតុកើតជា រមណីយដ្ឋាន «ម្លប់សាវម៉ាវ» គឺដោយសារតែគាត់ បានដាំដំណាំសាវម៉ាវមុនគេ ហើយទទួលបានផលជារៀងរាល់ឆ្នាំ ស្របពេលដែលភ្ញៀវទេសចរណ៍ចូលទៅលេងកន្លែងរបស់ខ្លួន ខណ:ដែលដើមសាវម៉ាវ កំពុងផ្លែទុំពេញដើម ដោយមានភ្ញៀវខ្លះទិញហូបនៅលើខ្យុសក្បែរមាត់ស្ទឹង ខ្លះទៀតទិញយកទៅផ្ញើបងប្អូននៅឯផ្ទះ ហើយដើមសាវម៉ាវទាំងនោះបញ្ចេញម្លប់ដ៏ត្រជាក់ដល់ភ្ញៀវទេសចរណ៍ ពេលដែលគេធ្វើដំណើរទៅលេងកំសាន្តរៀងរាល់ថ្ងៃបុណ្យ ជាពិសេសថ្ងៃចុងសប្តាហ៍ ។ ដូច្នេះហើយ ក៏មានឈ្មោះ រមណីយដ្ឋាន «ម្លប់សាវម៉ាវ» តាំងពីពេលនោះរហូតមកដល់សព្វនេះ ។
ម្ចាស់រមណីយដ្ឋានមួយនេះ បានរៀបរាប់បន្តទៀតថា បន្ទាប់ពីបង្កើតរមណីយដ្ឋានរបស់ខ្លួនអស់រយ:ពេលប៉ុន្មានឆ្នាំកន្លងមកនេះ រហូតមកដល់បច្ចុប្បន្ន គាត់បានបង្កើតជាខ្យុសជាង១០កន្លែងនៅក្បែរមាត់ស្ទឹង ចាក់សាប (បេតុង) សម្រាប់ឱ្យភ្ញៀវក្រាលកន្ទេលអង្គុយលេង និងរៀបចំធ្វើកន្លែងថតរូបស៊ែលហ្វី និងដាំផ្កាភ្ញីលំអក្នុងរមណីយដ្ឋានជារៀងរាល់ថ្ងៃផងដែរ ។ បើសង្កេតមើលទៅរដូវបុណ្យទានវិញ រមណីយដ្ឋានរបស់គាត់ ក៏មិនចាញ់កន្លែងរបស់ផ្សេងៗដែរ គឺមានភ្ញៀវចូលទៅលេងកម្សាន្តយ៉ាងច្រើនកុះករ ស្ទើរតែរកន្លែងចតម៉ូតូ និងរថយន្តមិនបាននោះឡើយ ។
គាត់បញ្ជាក់ទៀតថា អស់រយ:ពេល២សប្តាហ៍កន្លងទៅនេះ ជាពិសេសនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០ អត់សូវមានភ្ញៀវមកលេងកម្សាន្តនោះទេ ដោយសារតែមានការផ្ទុះឡើងវិញនៃជម្ងឺកូវីដ១៩ ដែលធ្វើឱ្យភ្ញៀវម្នាក់ៗ មានការព្រួយបារម្ភពីការឆ្លងជម្ងឺ ដ៏កាចសាហាវមួយនេះ ពោលគឺស្ងាត់ភ្ញៀវប្រហែលជាង៥០ភាគរយ ។ តែរហូតមកដល់ពេលនេះ រមណីយដ្ឋានរបស់គាត់ ចាប់ផ្តើមមានភ្ញៀវចូលមកលេងជាបណ្តើរៗ វិញហើយ គឺមកពីក្នុងខេត្តប៉ៃលិន និងតាមបណ្តាខេត្តនានាដូចជា ខេត្តបាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ ស្វាយរៀង ព្រៃវែង រហូតដល់រាជធានីភ្នំពេញផងដែរ ៕
ដោយ ៖ នីយ៉ា