ប៉ៃលិន ÷ ក្រោយប្រកាសតែងតាំងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនថ្មី បានចុះពិនិត្យកន្លែងធ្វើចត្តាឡីស័កច្រកទ្វារអន្តរជាតិព្រំ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត ក៍បានផ្តាំផ្ញេីដល់មន្ត្រីទៅច្រកទ្វារអន្តរជាតិព្រំ ឱ្យខិតខំយកចិត្ត្តទុកដាក់់ធ្វើការងារចត្តាឡីស័ក ស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល និងវិធានការ ការពាររបស់ក្រសួងសុខាភិបាល ស្តីពីការទប់ស្កាត់ ការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩ ចូលក្នុងសហគមន៍ ។ តាមរយៈប្រជាពលករដែលឆ្លងដែនតាមច្រករបៀងមួយ ខណៈខាងភាគីថៃមិនអនុញ្ញាតិឱ្យឆ្លងតាមច្រកទ្វារអន្តរជាតិ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានរៀបចំចាត់មន្រ្តីនៃមន្ទីរ អង្គភាពជំនាញ ចុះអនុវត្តន៍ការធ្វើចត្តាឡីស័កចំពោះពលករ ដែលបានចំណាកស្រុកមកពីប្រទេសថៃ ចូលមកក្នុងមាតុប្រទេសវិញ ក្នុងភូមិសាស្ត្រទឹកដីខេត្តប៉ៃលិន ។
ក្នុងនោះក្រុមការងារបានត្រួតពិនិត្យបន្ទប់សម្រាក បន្ទប់ទឹក បង្គន់អនាម័យ និងកន្លែងសម្រាប់របស់ក្រុមគ្រូពេទ្យ និងកម្លាំងការពារ នៅក្នុងមណ្ឌលចត្តាឡីស័កថ្នាក់ខេត្តច្រកទ្វារអន្តរជាតិព្រំស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ឯកឧត្តម ហែម រិទ្ធី មានប្រសាសន៍ឲ្យដឹងកាលពីរសៀលថ្ងៃទី២៣.១២.២០២០ ថា ក្រោយពីមានការឆ្លងជំងឺ covid-19 នៅក្នុងប្រទេសថៃដាដាកាន់តែច្រើនឡើងៗ ធ្វើឲ្យប្រជាពលករខ្មែរមួយចំនួនបានឆ្លងដែនមកក្នុងប្រទេសកម្ពុជាតាមច្រករបៀង ។ ឯកឧត្តមបានបន្តទៀតថា ខាងភាគីថៃគេមិនអនុញ្ញាតឲ្យជាពលករខ្មែរឆ្លងដែនតាមច្រកទ្វារអន្តរជាតិនោះឡើយ ។ ហើយការឆ្លងដែនតាមច្រករបៀងនេះ គឺមិនមានច្រើននោះទេដោយក្នុង១ថ្ងៃមានចំនួន 2 ទៅ 3 នាក់ឬថ្ងៃខ្លះគឺបីទៅបួននាក់ផងដែរ ។ ទោះបីជាយ៉ាងណាក៏ដោយអាជ្ញាធរខេត្តក៏ដូចជាមន្ត្រីប្រចាំការនៅច្រកទ្វារអន្តរជាតិព្រំគឺមានការយកចិត្តទុកដាក់ក្នុងការធ្វើចត្តាឡីស័កដើម្បីឲ្យពួកគាត់ពិនិត្យកំដៅនិងរក្សាកុំឲ្យមានការឆ្លងរីករាលដាលនៃជំងឺកូវីដ19 ។គួររម្លឹកថា ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យខេត្តជាប់ព្រំដែនថៃទាំងអស់ ក៏ដូចជាខេត្តដែលមានពលរដ្ឋចំណាកស្រុក ត្រូវពង្រឹតការការពារការចម្លងបន្តពីការផ្ទុះ នូវការឆ្លងវីរុសកូវីដ-១៩ នៅខេត្តសាមុតសាខននៃប្រទេសថៃ ។ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់អនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់ តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធនិងបង្ការជំងឺកូវីដ-១៩ ៕