ស្ទឹងត្រែងៈ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តកាលពីរសៀលថ្ងៃទី ១៦ខែ ធ្នូ ឆ្នាំ២០២០បានដឹកនាំមន្រ្តីបច្ចេកទេសចុះពិនិត្យវឌ្ឍនភាពការងារជួសជុលផ្លូវ បេតុងប្រវែងសរុប ៨៥៦,៧ម៉ែត្រ ទទឹង(១០ម៉ែត្រ ១២ ម៉ែត្រ និង១៣ម៉ែត្រ) ចំណុចពី (ស្ពានព្រែកពោធ៍ ទៅស្ពានសេកុង) និង ការស្ថាបនាផ្លូវកៅស៊ូ DBST ប្រវែង ៨៣០ម៉ែត្រ ទទឹង ៨ម៉ែត្រ នៅចំណុច ពី (ស្ពានអូរដំណាក់ ទៅស្ពានបាចុង) ស្ថិតតាមបណ្តោយមាត់ទន្លេ ក្នុងក្រុងស្ទឹងត្រែង ។
ក្នុងឱកាសចុះត្រួតពិនិត្យ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តបានមានប្រសាសន៏ថាដើមឡើយផ្លូវ តាមមាត់ទន្លេ ទាំងនេះបានរងការខូចខាត ដោយសារ ទឹកជំនន់ បណ្តាលឲ្យបាក់ស្រុត ដូចនេះ ឯកឧត្តម ក៏បាន ជំរុញឲ្យមានការជួសជុល និង ស្ថាបនា ឡើងវិញ ដោយលើកផ្លូវឲ្យ ខ្ពស់ជាងមុន ដើម្បីបង្ការ កុំឲ្យមានការខូចខាតផ្លូវពេលដែលមាន ទឹកជំនន់ កើតមានឡើង ។ ពិសេសទៀតនោះជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ បានងាយស្រួល ព្រមទាំង ជួយលើកកម្ពស់ដល់ សោភ័ណ្ឌភាពក្នុងក្រុង ស្ទឹងត្រែងទាំងមូល។
ឯកឧត្តមបន្តថាការជួសជុលដាក់ជាផ្លូវបេតុងនេះអាចនឹងធ្វើឲ្យផ្លូវទាំង ២ ខ្សែនេះមានភាពរឹងមាំនិងយូរអង្វែងដោយមិនបង្កផលលំបាកដល់ប្រជាពលរដ្ឋក្នុងតំបន់មានការលំបាកធ្វើដំណើរទៀតឡើយ ជាពិសេសប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់កាន់តែមានភាពងាយស្រួលច្រើនឡើងៗ ដោយមិនចាំបាច់ព្រួយបារម្ភពីផលលំបាក់ដូចពីមុនៗទៀតឡើយ។
ឆ្លៀតឱកាសពិនិត្យវឌ្ឍភាពជួសជុលផ្លវក្នងសង្កាត់ស្ទឹងត្រែងនេះ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តបានណែនាំមន្ត្រីជំនាញ និងក្រុមការងារត្រូវយកចិត្តទុកដាក់ក្នុងការបន្តសាងសង់ផ្លូវបេតុង និង ផ្លូវ កៅស៊ូ DBST នេះឲ្យមានគុណភាពខ្ពស់ដើម្បីធានានូវភាពរឹងមាំ និងប្រើប្រាស់បានយូរអង្វែង៕
ឡុង កាន់សំនៀង