( ត្បូងឃ្មុំ ):
ដំណាំម្រេចដែលកសិករដាំជាច្រើនហិមតា នៅក្នុងខេត្តត្បូងឃ្មុំ ក្នុងរយ:ពេល ២ ឬ ៣ ឆ្នាំចុងក្រោយនេះ តម្លៃម្រេចបានធ្លាក់ចុះ ដោយសារតែ កសិករប្រើជីគីមីហាមឃាត់លើសកំរិត ទីផ្សារអន្តរជាតិ មិនទទួលទិញ ធ្វើអោយកសិករមួយចំនួនសម្រេចចិត្ត បោះបង់ដំណាំនេះចោល ដោយសារតែម្រេច ធ្លាក់ថ្លៃយ៉ាងគំហ៊ុក ដែលកាលពីប៉ុន្មានឆ្នាំមុន ម្រេចគ្រាប់ក្នុង ១ គីឡូក្រាមស្ងួត លក់បានតម្លៃជិត ៤ ម៉ឺនរៀល ដោយឡែកបច្ចុប្បន្នលក់បានតម្លៃមិនដល់ ១ ម៉ឺនរៀលផង ។ លោក ហ៊ន ហ៊ា ជាកសិករ រស់នៅក្នុងឃុំជីរោទ៍ទី ២ ស្រុកត្បូងឃ្មុំ បានឱ្យដឹងថា លោកបានដាំដំណាំម្រេចនេះ នៅលើផ្ទៃដីជិតមួយហិកតា តែពេលធ្លាក់ថ្លៃបែបនេះ គាត់បានសម្រេចចិត្តបោះបង់ដំណាំមួយនេះ ចោលហើយ ដោយសារតែម្រេច មានតម្លៃទាបពេកមិនអាចទូទាត់ថ្លៃចំណាយផ្សេងៗបាន ពោលគឺ ១ គីឡូក្រាម តម្លៃមិនដល់ ១ ម៉ឺនរៀល ដែលតម្លៃនេះ ធ្វើឱ្យពួកគាត់ខាតបង់យ៉ាងធ្ងន់ធ្ងរ សូម្បីតែទូទាត់ថ្លៃឈ្នួលប្រមូលផលស្ទើរតែមិនរួចផង កុំថាឡើយដល់ថ្លៃចំណាយលើការថែទាំ ដូចជាដាក់ជី និងស្រោចទឹកជាដើម ។
ប្រជាពលរដ្ឋរស់នៅក្នុងឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឱ្យដឹងដែរថា កាលពីដំបូង មិនទាន់មានអ្នលដាំម្រេចច្រើននោះទេ តែបន្ទាប់ពីម្រេចមានតម្លៃខ្ពស់ ក៏មានប្រជាពលរដ្ឋមួយចំនួនបានផ្អើលនាំគ្នាដាំយ៉ាងច្រើន ដោយអ្នកខ្លះ រហូតដល់ទៅខ្ចីលុយធនាគារ មកធ្វើដើមទុនមកបង្ករបង្កើនផលដំណាំម្រេចទៀតផង ។ម្រេចបានធ្លាក់ថ្លៃយ៉ាងគំហ៊ុកបែបនេះ ធ្វើឱ្យកសិករខាតបង់ និងអស់សង្ឃឹមយ៉ាងខ្លាំង ។ប្រជាពលរដ្ឋមួយចំនួនធំ បានសម្រេចចិត្តបោះបង់ចោលដំណាំម្រេចនេះតែម្តង អ្នកខ្លះក៏បានទុកចោលលែងថែទាំ និងខ្លះទៀតបានដកបង្គោលលក់ក៏មាន ព្រោះតែបន្តទៅមុខទៀតលែងរួច តែក៏មានកសិករខ្លះ នៅតែបន្តថែទាំនៅឡើយ ។ប៉ុន្តែបើផ្អែកតាមរបាយការណ៍របស់មន្ទីរកសិកម្មខេត្តត្បូងឃ្មុំ បានឱ្យដឹងថា តម្លៃម្រេចស្ងួតបច្ចុប្បន្ន មានតម្លៃចន្លោះពី ១ ម៉ឺនរៀល ទៅ ១១.០០០ រៀល/គីឡូក្រាម ខណៈផ្ទៃដីដាំដុះ មានប្រមាណ ១.៩៩០ ហិកតា នៅទូទាំងខេត្តត្បូងឃ្មុំ ៕