ខេត្តប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលនៃអគណ:អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា ៖ គ្រឿងញៀន គឺជាអាវុធដ៏កាចសាហាវមួយ ដែលធ្វើឱ្យអ្នកប្រើប្រាស់ នឹងប្រែក្លាយខ្លួនពីមនុស្សល្អ សុភាព ទៅជាមនុស្សផ្សេង ពោលគឺឆ្កួតវង្វេង កាចសាហាវ ហើយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិខ្លួនឯង និងបង្កភាពអសន្តិសុខក្នុងសង្គមផងដែរ ។ លោកជំទាវអភិបាលខេត្តបានលើកឡើងដូចនេះ នៅក្នុងពិធីបើកបវេសនកាលចូលរៀនឆ្នាំថ្មី២០២០-២០២១ កាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ស្ថិតនៅក្នុងបរិវេណវិទ្យាល័យក្រុងទេពនិម្មិត ដោយមានការចូលរួមពីមន្ត្រីរាជការមកពីមន្ទីរជុំវិញខេត្តមួយចំនួន សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ យ៉ាងច្រើនកុះករផងដែរ ។ លោកជំទាវបន្តថា គាត់ពិតជាមានការអាណិតអាសូរ ដល់បងប្អូនសាច់ញាត ដែលរស់នៅក្នុងខេត្តប៉ៃលិន ក៏ដូចជាទូទាំងប្រទេសកម្ពុជាទាំងអស់ ខណ:ឃើញជនប្រើប្រាស់គ្រឿងញៀន បាត់បង់នូវសតិស្មារតី (បែកថ្នាំ) មិនអាចធ្វើការងារអ្វីកើត ហើយនាំមកនូវទុក្ខកង្វល់ ដល់ក្រុមគ្រួសារ និងសង្គមជាតិ ដែលយើងម្នាក់ៗ ត្រូវតែបង្ការ ទប់ស្កាត់ ក៏ដូចជាចូលរួមដោះស្រាយទាំងអស់គ្នា ហើយលោកជំទាវក៏សន្យាថានឹងកំចាត់ឱ្យអស់នូវបញ្ហាគ្រឿងញៀននៅទូទាំងខេត្តប៉ៃលិន នៅក្នុងអណត្តិរបស់ខ្លួនផងដែរ ។
លោកជំទាវ ក៏សូមក្រើនរំលឹកដល់យុវជនសិស្សានុសិស្សទាំងអស់ ត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រមទាំងចេះថែរក្សាអនាម័យខ្លួនប្រាណ ក្នុងបន្ទប់គេង នៅបរិវេណជុំវិញផ្ទះ និងចូលរួមធ្វើអនាម័យក្នុងបរិវេណសាលារៀន ហើយថែរក្សាសោភ័ណភាពឱ្យស្រស់ស្អាត ក្លាយទៅជាទេសភាពទាក់ទាញ ដើម្បីជាចំណាប់អារម្មណ៍ បង្កលក្ខណ:ងាយស្រួល ក្នុងការសិក្សារៀនសូត្រឱ្យឆាប់ចូល ឆាប់ចេះ ឆាប់ចាំ បំបាត់នូវភាពស្រ្តេស ។ ម្យ៉ាងវិញទៀត នៅពេលចូលរៀន ត្រូវឱ្យលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ រក្សានូវគម្លាតគ្នា តាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយត្រូវលាងដៃនឹងសាប៊ូ ទឹកអាល់កុល ឬជែល ពាក់ម៉ាស ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ក្នុងសាលារៀន ក៏ដូចជាក្នុងសហគមន៍ផងដែរ ។ ចំណែកលោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តប៉ៃលិន ក៏បានអានរបាយការណ៍ឱ្យដឹងដែរថា ៖ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរជំនាញជុំវិញខេត្ត សប្បុរសជន មាតាបិតា អាណាព្យាបាល សិស្សានុសិស្ស មន្រ្តីអប់រំគ្រប់លំដាប់ថ្នាក់ លោកគ្រូអ្នកគ្រូ ដែលបានចំណាយពេលវេលា និងពិសេសតែងតែជួយឧបត្ថម្ភគាំទ្រ សហការ ចូលរួមបំពេញភារកិច្ចយ៉ាងយកចិត្តទុកដាក់ ក្នុងការជួយជំរុញ និងបញ្ជូនកូនចៅទៅចុះឈ្មោះចូលរៀន ទាំងក្នុងសាលារៀន ក្នុងផ្ទះ ក្នុង ឆ្នាំសិក្សា២០២០កន្លងទៅ ទោះបីជាស្ថិតនៅក្នុងបរិបទកូវីដ១៩ ។ លោកបន្តទៀតថា ៖ សិស្សជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិស្មើនឹង១០០% សិស្សជាប់មធ្យមសិក្សាទុតិយភូមិស្មើនឹង១០០% សិស្សឆ្លងភូមិសិក្សាពីបឋមសិក្សា ទៅមធ្យមសិក្សាបឋមភូមិស្មើនឹង៩១.២៥% ។ នៅឆ្នាំសិក្សា២០២០-២០២១នេះ គ្រឹះស្ថានសិក្សាទូទាំងខេត្ត និងដំណើរការៀន និងបង្រៀនឡើងវិញដូចតទៅ ៖ បឋមសិក្សាចំនួន៩សាលា ក្នុងនោះវិទ្យាល័យ០២សាលា និងអនុវិទ្យាល័យចំនួន៧សាលា មានសិស្សសរុប៥៣១០នាក់ ស្រី២៨៣៩នាក់ ។
បឋមសិក្សាចំនួន៤៨សាលា មានសិស្សសរុប១០៤១៥នាក់ ស្រី៥៦៦៨នា់ ។ មតេ្តយ្យសិក្សាចំនួន២៤សាលា មានសិស្សសរុប១១៨៣នាក់ ស្រី៦០០នាក់ មតេ្តយ្យសហគមន៍ចំនួន១១កន្លែង មានសិស្សសរុប២៦៦នាក់ ស្រី១៣៩នាក់ ហើយសិស្សថ្មីទើបគ្រប់អាយុ៦ឆ្នាំ ឬ៧០ខែ ចុះឈ្មោះចូលរៀនចំនួន៩៨៥នាក់ ស្រី៥៦៥នាក់ ព្រមទាំងបុគ្គលិកអប់រំចំនួន៨៣៥នាក់ ស្រី៣៩០នាក់ ។ក្នុងឧកាសនោះដែលលោកជំទាវអភិបាលខេត្ត ក៍បានជូនថវិកាដល់លោកគ្រូអ្នកគ្រូក្នុងម្នាក់ៗ ទទួលបានចំនួន៥០០០០៛ (ប្រាំម៉ឺនរៀល) ក្មួយៗសិស្សានុសិស្សទាំងអស់ដែលមកចូលរួមក្នុងម្នាក់ៗទទួលបានវត្ថុអនុស្សាវរីយ៍មួយប្រអប់ថវិកាចំនួន១០០០០៛ (មួយម៉ឺនរៀល ) និងបានប្រកាសឲ្យបើកបវេសនកាលចាប់តាំងពីថ្ងៃនេះតទៅ ៕