នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ២០ ខែមករា ឆ្នាំ២០២១ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពប្រចាំឆ្នាំ ២០២០ និងទិសដៅសម្រាប់អនុវត្តការងារបន្តសម្រាប់ឆ្នាំ ២០២១  ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត។  អង្គប្រជុំ បានតាមដានស្តាប់នូវ ៖ .របាយការណ៍សង្ខេប ស្តីពីវឌ្ឍនភាព និងលទ្ធផលសកម្មភាពការងារ រយៈពេល ១ឆ្នាំ ក្នុងឆ្នាំ ២០២០ និងទិសដៅការងារបន្តឆ្នាំ២០២១បានរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចសហការ ដឹកនាំកម្លាំងយុវជនកាកបាទក្រហមកម្ពុជា និងអ្នកស្ម័គ្រចិត្ត ចុះ អប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក រួមជាមួយការ អប់រំសុខភាព ពាក់ព័ន្ធទៅនឹងវិធានការ កាត់បន្ថយហានិភ័យនៃការឆ្លងជម្ងឺកូវីដ19 – ជម្ងឺគ្រុនឈីក គ្រុនឈាម នៅតាមភ្លើងស្តុបនានាក្នុងក្រុង និងនៅតាមមូលដ្ឋាន នានា ក្នុងទូទាំងខេត្ត ។


ចំពោះផែនការអភិវឌ្ឍសកម្មភាព ឆ្នាំ២០២១ នេះ គឺ សាខា បានរៀបចំ មាន ១៩គោលដៅ និង ៣៩ សកម្មភាព ដោយកំណត់សូចនាករច្បាស់លាស់ ដើម្បីធ្វើអោយសម្រេចបាននូវទិសយុទ្ធសាស្ត្រទាំង ៤  របស់កាកបាទក្រហមកម្ពុជា ស្របទៅនឹងលទ្ធភាពថវិកា របស់សាខា ។សម្រេចលទ្ធផល បាន ៤០% ហើយ នៅសល់ ៦០% ទៀត គឺជាការប្រតិបត្តិជាក់ស្តែង  និង ទេពកោសល្យដឹកនាំ របស់មន្ត្រីយើង តែប៉ុណ្ណោះ ។ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខា បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ រួមទាំងមន្ត្រីក្រុមប្រតិបត្តិ ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្ម ធ្វើជាសេនាធិការអោយគណៈកម្មាធិការសាខា ក្នុងការដឹកនាំជំរុញធ្វើអោយវិស័យស្នូលទាំង ៤ របស់កាកបាទក្រហមកម្ពុជា រយៈពេល ១ឆ្នាំនេះ ទោះបីមានការរំខានពីវិបត្តិកូវីដ១៩ យ៉ាងណាក្តី ក៏សាខា បានពុះពារធ្វើសកម្មភាព រហូតសម្រេចបានលទ្ធផល គួរជាទីមោទនភាព  ពិសេស ការផ្តល់ជំនួយសង្រ្គោះ ផ្តល់អំណោយមនុស្សធម៌ ជូនជនរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ និងជនងាយរងគ្រោះ ដែលខ្វះខាតជីវភាព បានទាន់ពេលវេលា  ស្របតាមទិសស្លោក” ទីណាមានទុក្ខលំបាក ទីនោះ មានកាកបាទក្រហមកម្ពជា “។


មានប្រសាសន៍ក្នុងឱកាសបិទកិច្ចប្រជុំ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានណែនាំអំពីការងារមួយចំនួន សម្រាប់អនុវត្តបន្ត  ពិសេស ត្រូវយកចិត្តទុកដាក់ បន្តការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក រួមជាមួយការបន្តចូលរួមអនុវត្ត វិធានការរបស់ក្រសួងសុខាភិបាល ដើម្បី ទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ19 អោយបានជាប្រចាំ – ត្រូវពង្រឹងភាពម្ចាស់ការរបស់សាខា-អនុសាខាក្រុង ស្រុក រួមជាមួយការ ពង្រឹង និងពង្រីកបណ្តាញយុវជន អ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា ក្នុងការឆ្លើយតប ត្រៀមបង្ការ  និងកសាងភាពធន់មាំនៅសហគមន៍ ។  ទន្ទឹមនោះ ត្រូវពង្រឹងការគ្រប់គ្រងមូលនិធិ គ្រប់គ្រង ចំណូល ចំណាយ  ការទូទាត់ អោយមាន តម្លាភាព និងគណនេយ្យភាព៕