ខេត្តប៉ៃលិន ៖ គេសង្កេតឃើញប្រជាពលរដ្ឋជាច្រើនគ្រួសារ ដោយមានអ្នកខ្លះមកពីក្នុងក្រុងប៉ៃលិន អ្នកខ្លះទៀត ធ្វើដំណើរមកពីតាមបណ្តាខេត្តនានា ដូចជាបាត់ដំបង បន្ទាយមានជ័យ និងខេ ត្តកំពង់ធំជាដើម បាននាំប្រពន្ធកូន សង់តង់កៅស៊ូ ស្នាក់នៅបណ្តោះអាសន្ន លើដីចម្ការមួយកន្លែងជាប់នឹងផ្លូវជាតិលេខ៥៧ កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២១ ស្ថិតក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីនាំគ្នា ដេកចាំកាប់ចិញ្ច្រាំមើមដំឡូងមី ដែលថៅកែ២ទៅ៣នាក់ ទិញមើមដំឡូងមីស្រស់ពីកសិករ យកទៅចាក់គរនៅលើផ្ទៃដី ដើម្បីជួលឱ្យពួកគេកាប់ចិញ្ច្រាំ លុះហាលឱ្យស្ងួតក៏លក់បន្តឱ្យឈ្មួញនាំយកទៅលក់ប្រទេសថៃ ។ 

  ប្រភពព័ត៌មានពីស្រ្តីចំណាស់ម្នាក់ ឈ្មោះ លី សែ អាយុ៥៩ឆ្នាំ ប្តីឈ្មោះ ឌិត ដូន អាយុ៧០ឆ្នាំ មានស្រុកកំណើតរស់នៅក្នុងខេត្តកំពង់ធំ បានរៀបរាប់ឱ្យដឹងថា ៖ គាត់បានធ្វើដំណើរមកស៊ីឈ្នួ លកាប់ចិញ្ច្រាំមើមដំឡូងមី ឱ្យកៅកែម្នាក់ នៅត្រង់ចំណុចខាងលើ អស់រយ:ពេលជាងកន្លះខែមកហើយ ដោយ១ថ្ងៃ គាត់អាចកាប់ចិញ្ច្រាំមើមដំឡូងមី បានប្រហែល២០កញ្ឆេ ក្នុង១កញ្ឆេ តម្លៃឈ្នួល១០០០រៀល ។ គាត់បន្តទៀតថា គាត់មានចៅនៅជួបជុំចំនួន៤នាក់ រួមជាមួយនឹងប្តីពិការដៃខាងឆ្វេង ដោយសារដួលម៉ូតូបាក់ដៃ ហើយមិនអាចធ្វើអ្វីកើតនោះទេ គឺមើលថែគោឱ្យអ្នកជិតខាង ហើយរាល់ថ្ងៃនេះ ការកាប់ចិញ្ច្រាំមើមដំឡូងមី យកថវិកាទិញអង្ករហូប មិនទាន់មាត់នោះឡើយ ខណ:មានចៅនៅក្នុងបន្ទុកថែមទៀត ដោយសារឪពុកម្តាយទៅធ្វើការនៅប្រទេសថៃ ។ 

  បើតាមប្រភពព័ត៌មានពីបុរសម្នាក់ ឈ្មោះ សៅ សំ អាយុ៣៩ឆ្នាំ រស់នៅស្រុកក្រកូ ខេត្តពោ ធិ៍សាត់ មានគ្នា៣នាក់ ស៊ីឈ្នួលចិញ្ច្រាំមើមដំឡូងមីនឹងម៉ាស៊ីន ឱ្យថៅកែម្នាក់ ក្នុង១តោន បានថ្លៃឈ្នួល១៧០០០រៀល ហើយក្នុង១ថ្ងៃពួកគាត់ អាចចិញ្ច្រាំមើមដំឡូងមី បានប្រហែល១០តោន ដែលម៉ាស៊ីនជារបស់ថៅកែ ហើយប្រើប្រេងម៉ាស៊ូតរបស់ថៅកែ គិតតែថ្លៃឈ្នួលពលកម្មប៉ុណ្ណោះ ហើយពួកគាត់បានកាប់ចិញ្ច្រាំដំឡូងមីអស់រយ:ពេល១ខែកន្លះមកហើយ ។ គាត់បន្តទៀតថា នៅពេលម៉ាស៊ីនចិញ្ច្រាំរួច ពួកគាត់ដាក់ហាលថ្ងៃ ប្រហែល៤ថ្ងៃ ទើបស្ងួតល្អ ថៅកែប្រមូលលក់ឱ្យឈ្មួញយកទៅលក់បន្ត ។ ប្រភពបន្តទៀតថា ជារៀងរាល់ថ្ងៃ ឱ្យតែមានមើមដំឡូងមី គឺនាំគ្នាភ្ញាក់ងើបតាំងពីយប់ងងឹត ដើម្បីធ្វើការចិញ្ច្រាំដំឡូងមី ឱ្យតែថៅកែទិញមកពីចម្ការ គឺពួកគាត់តែងខិតខំប្រឹងប្រែងកាប់ចិញ្ច្រាំ ដោយអ្នកខ្លះចិញ្ច្រាំនឹងកាំបិត រីឯពួកគាត់គឺប្រើម៉ាស៊ីនតែម្តង ។ 


  ចំណែកស្រ្តីម្នាក់ ឈ្មោះ ឌឿន ចិន្តា អាយុ៣៩ឆ្នាំ ប្តីឈ្មោះ សឿង រឿន អាយុ៤១ឆ្នាំ រស់នៅក្នុងភូមិភ្នំរាំង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានឱ្យដឹងដែរថា ៖ ពួកគាត់ អត់មានដីស្រែចម្ការនឹងគេនោះទេ ពោលគឺទាំងពីរនាក់ប្តីប្រពន្ធ តែងដើរស៊ីឈ្នួលគេគ្រប់ទីកន្លែង ឱ្យតែមានការងារធ្វើ សម្រាប់យកប្រាក់ចិញ្ចឹមជីវិត ។ នាងបន្តទៀតថា ក្នុង១រដូវនេះ ពួកគេ បាននាំគ្នាសង់តង់កៅស៊ូនៅលើដីចម្ការ ដើម្បីសម្ងំកាប់ចិញ្រាំមើមដំឡូងមីដាក់ហាលឱ្យថៅកែ ដោយក្នុង១ថ្ងៃ អាចរកបានថវិកាចាប់ពី៣ទៅ៤ម៉ឺនរៀល ។ តែនៅឆ្នាំ២០២១នេះ អត់សូវមានមើមដំឡូងមី កាប់ចិញ្ច្រាំដូចឆ្នាំមុនៗនោះទេ គឺម្ចាស់ចម្ការគេប្រមូលផល លក់ទាំងមើមដំឡូងនៅស្រស់ ព្រោះបានតម្លៃខ្ពស់គួរសម ពោលគឺ១គីឡូក្រាម ឈ្មួញទិញក្នុងតម្លៃ២.៣ទៅ២.៥បាត (ប្រាក់ថៃ) ឯណោះ ។ ចំណែកឯចំណិតដំឡូងមី ឈ្មួញទិញ ក្នុង១គីឡូ តម្លៃជាង៥បាត បើសិនជាគេទិញយកទៅកាប់ចិញ្ច្រាំ គិតថ្លៃឈ្នួលរថយន្តដឹកចេញពីចម្ការ ថ្លៃកម្មករលីសែង និងថ្លៃកាប់ចិញ្ច្រាំ គឺប្រហែលជាមិនចំណេញប៉ុន្មាននោះទេ ដោយថៅកែខ្លះផ្អាកការទិញមើមដំឡូងមីយកទៅកាប់ចិញ្ច្រាំផងដែរ ។


 

  ចំណែកកម្មករជាច្រើនផ្សេងទៀត ដែលកំពុងសម្រាកនៅកន្លែងបោះតង់ខាងលើ បានរៀ បរាប់ឱ្យដឹងដែរថា ៖ ពួកគាត់ពិតជាមានការព្រួយបារម្ភ ខណ:កសិករជាច្រើន អត់លក់មើមដំឡូងមីឱ្យឈ្មួញទិញយកទៅកាប់ចិញ្ច្រាំនោះទេ គឺគេលក់ទាំងមើមនៅស្រស់ឱ្យទៅឈ្មួញថៃ ព្រោះបានតម្លៃខ្ពស់ដែរ ។ ដូច្នេះ យូរៗ ម្តង ទើបថៅកែរកទិញមើមដំឡូងមីស្រស់បានក្នុង២ទៅ៣រថយន្ត ដឹកយក ទៅចាក់ឱ្យពួកគាត់កាប់ចិញ្ច្រាំ ដាក់ហាល ស្ងួតរួចដឹកលក់ឱ្យឈ្មួញថៃទិញយកទៅប្រទេសគេតែម្តង ៕ 








ដោយ ៖ នីយ៉ា