ខេត្តប៉ៃលិន ៖ រហូតមកដល់រសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នេះ គេសង្កេតឃើញមានកសិករម្នាក់ រស់នៅភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បន្ទាប់ពីប្រមូលផលមើមដំឡូងមីរួច ក៏ចាប់ផ្តើមភ្ជួរដីលើកពូនជារងសារថ្មី លុះហាលដីឱ្យងាប់ស្មៅ បានមួយរយ:ពេលខ្លី ក៏ជួលកម្មករឱ្យកាត់ដើមដំឡូងមី ដែលទុក្ខធ្វើពូជ ដើម្បីដាក់ដាំ ដោយប្រើបច្ចេកទេស រៀបចំទុយោស្រោចទឹកតែម្តង ។
បើតាមការរៀបរាប់របស់កូនម្ចាស់ចម្ការម្នាក់ ឈ្មោះ ដេង ដេត ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិខាងលើ បានឱ្យភ្នាក់ងារយើងដឹងថា ៖ ឪពុករបស់ខ្លួន បានដាំដំឡូងមីជាង៥ហិកតា នៅក្នុងដីចម្ការក្បែរមាត់អូរ ហើយក៏បានដាំ ដំណាំតាង៉ែន ហៅមៀនប៉ៃលិន នៅក្បែរនោះជាង១០០ដើមផងដែរ លុះប្រើទុយោស្រោចទឹកតាង៉ែន រួចក៏រក្សាទឹកអូរទុក សម្រាប់បូមបញ្ចូលក្នុងទុយោ ដែលបានរៀបចំលាតសន្ធឹងតាមបណ្តោយរងដំឡូងនីមួយៗ ផងដែរ ពោលគឺប្រើបច្ចេកទេសដាំដំឡូងមី ស្រោចទឹក អស់រយ:ពេល៥ឆ្នាំមកហើយ ។ ប្រភពបន្តទៀតថា ជារៀងរាល់ឆ្នាំ ជាពិសេសនៅរដូវ ប្រាំង គ្មានភ្លៀង ពេលដែលប្រមូលផលមើមដំឡូងមីរួច ក៏ភ្ជួរដីដាក់ហាលថ្ងៃ ឱ្យស្ងួតមួយរយ:ពេលខ្លី ទើបក្រោយមកឪពុករបស់ខ្លួន ក៏ទិញទុយោមួយប្រភេទពណ៌ខ្មៅពីផ្សារ យកទៅកាត់ដាក់លាតនៅតាមបណ្តោយរងដំឡូងមីនីមួយៗ ក្នុងចម្ការ រួចបូមទឹកស្រោច មិនបណ្តាលឱ្យងាប់ដើមដំឡូងពេលដែលកំពុងតែដុះលូតលាស់នោះឡើយ ។
ប្រភពដដែលបានបញ្ជាក់ថា ការដាំដំឡូងមី ដោយប្រើទឹកទុយោបន្តក់ស្រោចនៅលើរងបែប នេះ គឺស្រោចពេលដែលដីនៅតាមរងដំឡូងស្ងួត លុះពេលភ្លៀងធ្លាក់ក៏ផ្អាកស្រោច ហើយការធ្វើបែ បនេះ គឺទទួលបានជោគជ័យ អត់ងាប់ដើមដំឡូងមី ដែលទើបនឹងដុះលូតលាស់ ហើយក៏ទទួលបាននូវទិន្នផលខ្ពស់ជាងការដាំតាមរបៀបធម្មតា ដែលពឹងផ្អែកទៅលើផ្ទៃមេឃ ។ ម្យ៉ាងវិញទៀត កាលពី មុនការដាំដំឡូងមីរបស់ខ្លួន តែងតែទទួលបរាជ័យ ដោយសារដាំប្រវាសនឹងមេឃ ពេលរាំងភ្លៀងរយ:ពេលយូរ បណ្តាលឱ្យងាប់ជាច្រើនលើកច្រើនសារ ហើយក៏ខាតបង់អស់ថវិកាជាច្រើនផងដែរ លុះនឹកឃើញវិធីថ្មី ដោយប្រើទុយោស្រោចទឹក ធ្វើឱ្យដំឡូងមីរបស់ខ្លួន មិនងាប់ ហើយបានផលច្រើន តែត្រូវចំណាយដើមទុនទិញទុយោ ។
សូមបញ្ជាក់ថា ៖ ការដាំដំឡូងមីដោយប្រើទុយោបូមទឹកស្រោចនេះ មានចំនួន៣កន្លែង ស្ថិតនៅក្នុងភូមិពេជ្រគីរី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដោយកសិករទទួលបានទិន្នផលខ្ពស់ដូចៗគ្នា និង មិនខូចខាតដើមពេលដែលទើបនឹងដុះលូតលាស់នោះឡើយ លើកលែង តែមានភ្លៀងធ្លាក់ច្រើន ពេកទើបបណ្តាលឱ្យរលួយខូចមិនអាចទប់ស្កាត់បាននោះឡើយ ៕