ស្ទឹងត្រែងៈរថយន្តRangRoverដែលគេដឹងថាបើកបរក្នុងល្បឿនលឿនបានបើកទៅបុកជាមួយម៉ូតូរម៉កដឹកខ្ទឹមលក់ ហើយរ៉េចង្កូចបន្តទៅបុករថយន្តយីឌុប បណ្តាលអោយអ្នកបើកបរថយន្ត RangRover រងបួសស្រាល និងអ្នកបើកបរម៉ូតូរម៉កបានស្លាប់និងប្រពន្ធបានរងរបួសធ្ងន់កាលពីព្រលប់ថ្ងៃទី១០ខែមករាឆ្នាំ២០២១ ត្រង់ចំណុចមុខផ្ទះតាអាយ លើផ្លូវជាតិលេខ៧ក្នុង ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
នាយការិយាល័យនគរបាលចរាចរណ៏ផ្លូវគោក លោកវរសេនីយ៍ទោ ឈឿន ម៉េង បានអោយដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បង្កដោយរថយន្តម៉ាកRangRoverពណ៌ស ពាក់ស្លាកលេខភ្នំពេញ២AK6925 បើកបរ ឈ្មោះ ជិម សារិន ភេទប្រុសអាយុ៣៨ឆ្នាំ មុខរបរមន្រ្តីបំរើកាងារនៅស្ថានីយ៍ថ្លឹងរថយន្តរាជានុកូល(អូរពងមាន់)ខេត្តស្ទឹងត្រែង បើកបរក្នុងទិសដៅស្របគ្នាពីជើងទៅត្បូងបានបុកជាមួយម៉ូតូរម៉កម៉ាកសេរុសពណ៍សគ្មានស្លាកលេខ បណ្តាលអោយអ្នកបើកបរម៉ូតូឈ្មោះ ហាស យ៉តភេទប្រុស អាយុ៣៣ឆ្នាំជនជាតិខ្មែរបានស្លាប់នៅនឹងកន្លែងកើតហេតុនិងប្រពន្ធបានរងបួសធ្ងន់បញ្ជូនទៅកាន់មន្ទីពេទ្យបង្អែកខេត្ត អ្នកទាំង២មានទីលំនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែងក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែង។
លោកវរសេនីយ៍ទោ បន្តថាបន្ទាប់ពីរថយន្តម៉ាកRangRoverបានបុកជាមួយម៉ួតូរម៉ករួចហើយក៏បានរ៉េចង្កូចទៅបុកជាមួយរថយន្តយីឌុបចង្កូតស្តាំពាក់ស្លាកលេខPRV 0033បន្ថែមទៀតដែលបើកបរបញ្ជាស់ទិសគ្នាបណ្តាលអោយមនុស្សនៅក្នុងរថយន្តម្នាក់បានរងរបួសស្រាលបញ្ជូនទៅកាន់មន្ទីពេទ្យបង្អែកខេត្តដូចគ្នា។ចំណែកឯតៃកុងរថយន្តយីឌុបបានរត់គេចខ្លួនបាត់(មិនស្គាល់អត្តសញ្ញាណ)។ក្រោយកើតហេតុកម្លាំងនគរបាលចរាចរណ៏ផ្លូវគោកបាននាំយករថយន្តនិងម៉ូតូរម៉កទៅកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់ ។រីឯសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។