ខេត្តប៉ៃលិន ៖ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋបាលខេត្តប៉ៃលិន សហការគ្នាជាមួយនឹងក្រសួងពាណិជ្ជកម្ម បានបើកសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីការយល់ដឹងខ្លឹមសារនៃច្បាប់ស្ដីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវាច្បាប់ ស្ដីពីកិច្ចការការពារ អ្នកប្រើប្រាស់ និងបទប្បញ្ញត្តិផ្សេងៗ ទៀត ពាក់ព័ន្ធនឹងការធ្វើអាជីវកម្មប្រេងឥន្ធនៈ ដល់អាជីវករ និងដេប៉ូប្រេងឥន្ធនៈ ក្នុងខេត្តប៉ៃលិន ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ហុក សុផល អភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិន និងលោក ឌឹម ថេង អគ្គនាយករងនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប.) ។



លោក ពេជ ច័ន្ទ អគ្គនាយករង បានមានប្រសាសន៍ឱ្យដឹងថា ៖ វេទិកាផ្សព្វផ្សាយ លើការយល់ដឹងអំពីការផ្គត់ផ្គង់ប្រេងឥន្ធនៈ គឺរៀបចំឡើងក្នុងគោលបំណង ដើម្បីបង្កើនសមត្ថភាពយល់ដឹងដល់ភាគីពាក់ព័ន្ធ ឱ្យបានស៊ីជម្រៅ ពីការអនុវត្តច្បាប់ ដែលពាក់ព័ន្ធ ឱ្យដំណើរការអាជីវកម្ម ចែកចាយប្រេងឥន្ធនៈនៅកម្ពុជា មានលក្ខណៈសមស្រប និងអនុលោមតាមលិខិតបទដ្ឋាន គតិយុត្តនានារបស់កម្ពុជា។



លោកអគ្គនាយករង បានមានប្រសាសន៍បន្តថា ៖ វេទិកាថ្ងៃនេះ គឺជាឱកាសមួយដ៏សំខាន់ ក្នុងការផ្លាស់ប្តូរមតិយោបល់ និងចំណេះដឹង បទពិសោធន៍គ្នាទៅវិញទៅមក ដើម្បីឱ្យភាគីពាក់ព័ន្ធ អាចធ្វើការកែលម្អ ទាំងផ្នែកគ្រប់គ្រងស្ថានីយ៍ប្រេងឥន្ធនៈ ក៏ដូចជាការធ្វើអាជីវកម្ម ក្នុងការដាក់លក់ផលិតផលប្រេងឥន្ធនៈ ឱ្យកាន់តែមានភាពសុក្រឹត្យ និងជម្រុញការ ប្រកួតប្រជែងស្មោះត្រង់ រវាងបណ្ដាអាជីវករ ដែលកំពុងធ្វើអាជីវកម្ម ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជា ។



ឯកឧត្តម ហុក សុផល បានមានប្រសាសន៍លើកឡើងថា៖ ក្នុងនាមអាជ្ញាធរខេត្ត សង្ឃឹមថា បន្ទាប់ពីបានឆ្លងកាត់វគ្គផ្សព្វផ្សាយខ្លឹមសារនៃច្បាប់នេះហើយ ពាណិជ្ជករទាំងអស់ នឹងគោរពអនុវត្តន៍តាម ដើម្បីជាផលប្រយោជន៍នៃសង្គមជាតិយើងទាំងអស់គ្នា ហើយក៏ស្នើសុំស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ពិសេសអង្គភាព នៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ត្រូវខិតខំពង្រឹងការងាររបស់ខ្លួន ទប់ស្កាត់ និងបង្ក្រាបឲ្យបានទាន់ពេលវេលា កុំឲ្យទំនិញមិនប្រក្រតី បញ្ហាគុណភាព និងសុវត្ថិភាព មានដាក់លក់លើទីផ្សារជាដាច់ខាត។



នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមអភិបាលរងខេត្ត ក៍បានមានប្រសាសន៍ក្រើនរំលឹក ដល់បងប្អូនអាជីវករ និងដេប៉ូប្រេងឥន្ធនៈ ទាំងអស់ក្នុងខេត្តប៉ៃលិន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាអគ្គីភ័យ ដែលអាចកើតឡើងជា យថាហេតុ ពិសេសការលក់ចែកចាយប្រេងឥន្ធនៈ ដល់អ្នកប្រើប្រាស់ ត្រូវមានភាពភាពស្មោះត្រង់ កុំមានការកេងបន្លំទាំងបរិមាណ និងគុណភាព។



សូមបញ្ជាក់ថា ៖ ខេត្តប៉ៃលិនមានស្ថានីយ៍និងដេប៉ូប្រេងឥន្ធនៈ សរុបចំនួន២១ កន្លែង ក្នុងនោះស្ថានីយ៍ ចំនួន៥កន្លែង និងដេប៉ូប្រេងឥន្ធនៈ ចំនួន១៦កន្លែង ៕ 

ដោយ ៖ នីយ៉ា