ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋកាន់តែតិចទៅៗ ដែលបន្តនាំគ្នារែងត្បូងផ្សងព្រេងនៅតាមមាត់ស្ទឹង ដើម្បីបានកំទេចត្បូងលក់យកប្រាក់ សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ខណ:ពួកគាត់អត់មានដីចម្ការអាស្រ័យផលនឹងគេ ។ តែការប្រើកម្លាំងជីកកកាយរុករករ៉ែត្បូងនៅក្នុងស្ទឹង នារដូវប្រាំងនេះ ហាក់ដូចជាខ្សត់ ដោយយូរៗម្តង ទើបប៉ះកំទេចរ៉ែត្បូងមានតម្លៃយកទៅលក់ឱ្យកុងសែនៅក្នុងក្រុងប៉ៃលិន មិនសូវបានថ្លៃប៉ុន្មាននោះទេ ដោយពួកគាត់ត្អូញត្អែរពីមុខរបរមួយនេះ ។
ជាក់ស្តែងកាលពីរសៀលថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០២១ ស្ថិតនៅក្នុងអូរមួយកន្លែង ក្នុងភូមិស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មានប្រជាពលរដ្ឋប្រមាណ៥នាក់ ដោយអ្នកខ្លះកំពុងជីកកកាយអាចម៍រ៉ែនៅក្នុងស្ទឹង ខ្លះទៀតកំពុងអង្គុយរែង ខណ:អ្នកខ្លះអង្គុយឈប់សម្រាកនៅក្បែររណ្តៅត្បូងរបស់ខ្លួនទាំងទឹកមុខ ស្រពោនហាក់ដូចជាអស់សង្ឃឹម ។ រីឯអ្នកខ្លះ ពីរបីថ្ងៃនេះ រករ៉ែត្បូងអត់មាន ក៏បន្តខំប្រឹងប្រែងទៅទៀតក្រែងហេង ប៉ះចំត្បូងល្អ១គ្រាប់ អាចឱ្យជីវភាពប្រសើរឡើង ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋម្នាក់ ឈ្មោះ ញ៉ឹប ផាត ភេទប្រុស អាយុ៦៤ឆ្នាំ ឈ្មោះ យ៉ាន់ ប៊ុនណា ភេទប្រុស អាយុ៥៤ឆ្នាំ និង ឈ្មោះ ទី ធឿន ភេទប្រុស អាយុ៦៨ឆ្នាំ រស់នៅក្នុងក្រុងប៉ៃលិន បានរៀបរាប់ឱ្យដឹងដូចៗគ្នាថា ៖ រហូតមកដល់ដើមរដូវប្រាំងនេះ ខណ:ពេលទឹកស្រកស្ទើរអស់ពីបាតស្ទឹង ពួកគាត់ដែលគ្មានដីស្រែចម្ការនឹងគេ បាននាំគ្នាយកកញ្ច្រែង ដែកស្បែង ចបជីក ចុះទៅក្នុងស្ទឹង នាំគ្នាជីកកកាយរែងរកកំទេចរ៉ែត្បូងដ៏មានតម្លៃ ដើម្បីយកទៅលក់ឱ្យឈ្មួញ បានថវិកាសម្រាប់ទិញអាហារផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ។ ប្រភពបន្តទៀតថា ប៉ុន្តែ មុខរបររ៉ែងដីរកកំទេចរ៉ែត្បូង នេះ រហូតមកដល់បច្ចុប្បន្ន ហាក់ដូចជាខ្សត់ទៅៗ ហើយ ពោលគឺមិនសូវសម្បូរដូចកាលពីសម័យមុននោះទេ ។ ដូច្នេះ ហើយទើបមានប្រជាពលរដ្ឋជាច្រើន ដែលប្រកបរបរមួយនេះ បានបោះបង់ចោលទាំងស្រុងទៅធ្វើការងារផ្សេងទៀត ដែលទទួលបានចំណូលប្រចាំថ្ងៃច្រើនជាងនេះ ។
ពួកគាត់បញ្ជាក់ថា ការរ៉ែងត្បូងផ្សងព្រេងនេះ គឺមិនបានជារៀងរាល់ថ្ងៃនោះឡើយ ដោយរែងយូរៗ ទើបឃើញកំទេចត្បូងម្តង ជួនកាលរែង១ថ្ងៃ ចាប់ពីព្រឹកដល់ល្ងាច អត់បានកំទេចរ៉ែត្បូង សូម្បីតែ១គ្រាប់ក៏មានដែរ ។ តែទោះបីជាយ៉ាងណា ពួកគាត់នៅតែខំប្រឹងប្រែង ព្រោះបើប៉ះចំកន្លែងហេង ពួកគាត់អាចរកឃើញកំទេចត្បូង យកទៅលក់បានថវិកាសម្រាប់ទិញម្ហូបអាហារផ្គត់ផ្គង់ជីវភាព ។ លើសពីនេះ ពួកគាត់សង្កេតឃើញ ក្មេងៗរស់នៅក្នុងក្រុងប៉ៃលិន គេមិនចូលចិត្តនាំគ្នារែងត្បូងដូចពួកគាត់នោះឡើយ ដោយនៅសល់តែចាស់ៗ តិចតួច ដែលមិនអាចទៅប្រកបការងារឆ្ងាយពីផ្ទះ នាំគ្នាចុះរែងត្បូងក្នុងស្ទឹងនារដូវប្រាំងនេះ ព្រោះពួកគាត់ធ្លាប់ប្រកបរបរមួយនេះ ជាយូរណាស់មកហើយ ដោយពីមុនកន្លែងណាក៏មានដែរ ។ ប៉ុន្តែ រហូតមកដល់សព្វថ្ងៃនេះ រ៉ែត្បូងនៅក្នុងស្ទឹង កាន់តែហោចទៅៗ ពោលគឺខ្សត់រ៉ែត្បូងខ្លាំងណាស់ មានតែនៅលើដីឯកជនរបស់គេប៉ុណ្ណោះ ខណ:ម្ចាស់គេមិនអនុញ្ញាតិឱ្យជីកខូចដីគេនោះឡើយ ៕
ដោយ ៖ នីយ៉ា